កំពុងរំលោភក្មេងស្រី ស្រាប់តែក្មេងឃើញ ច្របាច់កសម្លាប់បីសពទម្លាក់ទឹកស្រះ

កំពុងរំលោភក្មេងស្រី ស្រាប់តែក្មេងឃើញ ច្របាច់កសម្លាប់បីសពទម្លាក់ទឹកស្រះ

ខេត្តតាកែវ ៖ ក្មេងស្រីម្នាក់អាយុ៩ឆ្នាំម្នាក់ ត្រូវបានជនស្រវឹងខួបម្នាក់រស់នៅភូមិជាមួយគ្នា ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច រួចក៏ចាប់ច្របាច់កសម្លាប់ក្មេងស្រីរងគ្រោះយ៉ាងឃោរឃៅ បន្ទាប់មកក៏បីសពក្មេងស្រីរងគ្រោះយកទៅទម្លាក់ចោលនៅក្នុងទឹកស្រះ បំណងបំបាត់ភ័ស្តុតាង រួចរត់គេចខ្លួនបាត់ស្រមោល។

ករណីរំលោភសម្លាប់ក្មេងស្រី យ៉ាងព្រៃផ្សៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស។ជនសង្ស័យជាឃាតករចិត្តកំណាច ដែលបានធ្វើសកម្មភាពចាប់រំលោភ រួចច្របាច់កសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំ យ៉ាងព្រៃផ្សៃ មានឈ្មោះយ៉េន ធី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សស្រវឹងខួបទាំងយប់ទាំងថ្ងៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឆៃ លីកា អាយុ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានផឹកស្រាស្រវឹងជោកជាំដូចសព្វដង បន្ទាប់មក ក៏ស្រាប់តែបែកគំនិតចាប់បីក្មេងស្រីរងគ្រោះខាងលើ យកទៅរំលោភនៅផ្ទះរបស់ខ្លួន (ជនសង្ស័យ)។ លុះពេលកំពុងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះនោះ ក៏ត្រូវបានក្មេងប្រុសម្នាក់ ឈ្មោះសម្បត្តិ ផាន់ណេត អាយុ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាប្រទះឃើញឃើញ និងបានរត់ទៅប្រាប់ម្តាយរបស់ក្មេងស្រីរងគ្រោះភ្លាមៗដែរ។ ចំណែកជនសង្ស័យ ក្រោយពីដឹងថា សកម្មភាពរបស់ខ្លួនមានគេប្រទះឃើញ ទើបសម្រេចចិត្តច្របាច់កសម្លាប់ក្មេងស្រីរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់មកក៏បានបីយកសពក្មេងស្រីរងគ្រោះទៅទម្លាក់ចោលនៅក្នុងស្រះទឹក ខាងលិចផ្ទះរបស់ខ្លួន ដើម្បីបំបាត់ភ័ស្តុតាង និងបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីមានក្មេងប្រុសក្នុងភូមិរត់ទៅប្រាប់ថា កូនស្រីរបស់ខ្លួនត្រូវបានជនប្រមឹកខាងលើចាប់រំលោភ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ រួមនឹងអ្នកភូមិ ក៏ប្រញាប់រត់មកផ្ទះជនសង្ស័យភ្លាមៗដែរ តែមិនប្រទះឃើញមនុស្សសោះ ទាំងជនសង្ស័យ ទាំងក្មេងស្រីរងគ្រោះ មិនដឹងបាត់ណាអស់។ ភ្លាមនោះ ក៏នាំគ្នាចែកគ្នាដើរតាមរកក្បែរៗនោះ លុះសង្ស័យថា ជនសង្ស័យសម្លាប់ក្មេងស្រីរងគ្រោះ ទម្លាក់ទឹកស្រះ ក៏នាំគ្នាចុះរាវរក ទីបំផុត ក៏ប្រទះឃើញសាកសពក្មេងស្រីរងគ្រោះនៅក្នុងបាតស្រះទឹកប្រាកដមែន ទើបស្រង់ឡើងមកលើគោក សែងត្រឡប់មកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកព្រៃកប្បាស បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសពក្មេងស្រីរងគ្រោះ រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាត្រូវជនសង្ស័យជាឃាតករចាប់រំលោភ រួចច្របាច់កសម្លាប់ប្រាកដមែន។សាកសពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត។ជុំវិញករណីឃាតកម្មរំលោភសម្លាប់ដ៏សាហាវព្រៃផ្សៃនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងដុតដៃដុតជើង ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕