អន្តរជាតិ

ពេលនេះ មេយោធាមីយ៉ាន់ម៉ា ចាប់ផ្តើមដករដ្ឋមន្ត្រី និងសមាជិកសភា ២៤ រូបចេញ ធ្វើឲ្យស្ថានការណ៏កាន់តែជ្រួលច្របល់ពេញប្រទេស…

កាល​ពី​ថ្ងៃ​ចន្ទ ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​លុប​ចោល​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សានស៊ូជី ដោយ​ធ្វើ​ការ​ដក​តំណែង​រដ្ឋមន្ត្រី និង​សមាជិក​សភា​ចំនួន ២៤ រូប

ខណៈ​​ប្រកាស​ជំនួស​ដោយ​មនុស្ស​ចំនួន ១១ នាក់​ផ្សេង​ក្នុង​រដ្ឋបាល​ថ្មី​របស់​ខ្លួន ក្រោយ​កាន់កាប់​អំណាច​បាន​ក្នុង​រដ្ឋប្រហារ​យោធា ។

សេចក្ដី​ប្រកាស​នេះ​ដែរ បាន​ធ្វើ​ឡើង​ដោយ​ខាង​ទូរទស្សន៍​របស់​យោធា​ផ្ទាល់ (Myawadday TV) ដោយ​ក្នុង​នោះ​បូករួម​ទាំង​ការ​តែងតាំង​ថ្មី​ក្នុង​តំណែង​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ផ្នែក​ការបរទេស ផ្នែក​ការពារ​ជាតិ ផ្នែក​ព្រំដែន និង​ផ្នែក​មហាផ្ទៃ ។

គួរ​រំឭក​ថា ប្រទេស​មីយ៉ាន់ម៉ា កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល ក្រោយ​ខាង​យោធាឃាត់​ខ្លួន​លោកស្រី អ៊ុង សានស៊ូជី រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួនទៀត ជុំវិញ​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​ខាង​យោធា ដោយ​អះអាង​ថា​មាន​ការ​ក្លែង​បន្លំ​ឆ្នោត ៕ប្រភព៖ CNA