អន្តរជាតិ

ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចាប់ផ្តើមធ្វើបាតុកម្មក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីថ្កោលទោសរដ្ឋប្រហារយោធា និងទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់!

(រ៉ង់ហ្គូន)៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាចុះតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងរ៉ង់ហ្គូននៅថ្ងៃសៅរ៍នេះ ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី ជាបន្ទាន់ ដែលនេះជាការធ្វើបាតុកម្មលើកដំបូងបំផុត ចាប់តាំងពីទង្វើដែលអន្តរជាតិចោទថាជារដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងការតវ៉ា ក្រុមបាតុករបានលើកផ្ទាំងបដាសរសេរអក្សរមីយ៉ានម៉ា ដែលមានន័យថា «ប្រឆាំងនឹងរបបយោធាផ្ដាច់ការ» ហើយពួកគេក៏បានស្រែកច្រៀងជាមួយពាក្យស្លោកថា «យោធាផ្ដាច់ការបរាជ័យៗ… ប្រជាធិបតេយ្យឈ្នះៗ» ព្រមទាំងអំពាវនាវទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ឱ្យមានសេរីភាពឡើងវិញផងដែរ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ។

យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយអះអាងថា ជាការឆ្លើយតបទៅនឹង ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានបង្ហាញថា គណបក្សលោកស្រី ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។ ក្រោយរដ្ឋប្រហារដែលបានរងការថ្កោលទោស យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ព្រមទាំងសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕

ប្រភពអត្ថបទ៖ Fresh News