សង្គម

គួរឱ្យសរសើរ យុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ឈ្នះពានរង្វាន់លេខ២ហើយ

ពិតជាគួរឱ្យកោតសរសើរណាស់ពីរដ្ឋបាលគំរូស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ខិតខំដុតជើងដុតដៃកែច្នៃស្រុកភូមិ បង្កើតយុទ្ធនាការ «ផ្ទះ១ អំពូល១» ដើម្បីប្រលងប្រណាំងក្នុងកម្មវិធី “ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន” នាពេលនេះទទួលបានជ័យលាភីលេខ២ ក្លាយជាស្រុកគំរូប្រចាំខេត្តសៀមរាប។

ចាប់តាំងពីការឡើងកាន់តំណែងក្លាយអភិបាលស្រុកមក លោក ឃឹម ហ្វីណង់ តែងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកភូមិកាន់តែប្រសើរឡើង ក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាព និងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយនឹងសមិទ្ធផលដែលអភិបាលគំរូរូបនេះបានសាងផងដែរ ក៏មានដំណឹងល្អថ្មីមួយទៀតដែលគួរឱ្យស្ងប់ស្ងែង ជាមួយនឹងការផុសនៅក្នុងគណនីហ្វេសបុកផ្លូវការ របស់លោក ឃឹម ហ្វីណង់- Khem Finan បង្ហាញនូវអត្ថន័យទាំងស្រុងថា៖

យុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រីទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង”ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន”របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។
កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។

ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១” ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគ និងផ្តល់គាំទ្រទាំងស្រុងដល់ការអនុវត្តគម្រោងក្នុងរយៈកាលកន្លងមក បំពាក់បានជិត៤០០០អំពូលសូឡា និងបានធ្វើឱ្យភូមិចំនួន១៥រួចមកហើយ ដែលទទួលបានពន្លឺនិងការលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ក្នុងពេលរាត្រីរហូតមកដល់ពេលនេះ។

#ផ្ទះ១អំពូល១

រដ្ឋបាលក្រុង ស្រុក និងសង្កាត់ ដែលទទួលជ័យលាភី រួមមាន៖

– ជ័យលាភីលេខ១ បានទៅលើគម្រោង“សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់

– ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ“ផ្ទះ១ អំពូល១”របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

– ជ័យលាភីលេខ៣ បានទៅលើគម្រោង“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦”របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរថា លោក ឃឹម ហ្វីណង់ គឺជាចៅហ្វាយស្រុកគំរូម្នាក់ដែលមានសកម្មភាពជួយអភិវឌ្ឍ ស្រុកភូមិបានរីកចម្រើនមានឈ្មោះបោះសម្លេងជាច្រើនមកហើយ ។ មិនតែប៉ុណ្ណោះលោកអភិបាលស្រុក ក៏បានជួយលើកកម្ពស់ជីវភាពប្រជាជនជាមួយនឹងបេសកម្មអភិវឌ្ឍជាបន្តបន្ទាប់ជាច្រើនទៀតផងដែរ។

ប្រភពអត្ថបទ៖ Business Cambodia