សង្គម

អ្នកសៀមរាបសូមជ្រាប! ផ្លូវ ៨ ខ្សែនៅក្នុងក្រុងត្រូវបិទជាបណ្ដោះអាសន្នហើយ

នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបដំណឹងឱ្យដឹងថា ផ្លូវមួយចំនួននៅខេត្តសៀមរាប ត្រូវបានបិទការធ្វើចរាចរណ៍បណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប ដែលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ។

ដូចនេះសូមសាធារណជន មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន ៖

១. ផ្លូវ អ៊ុំ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)

២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី

៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប

៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា

៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស

៦. ផ្លូវ ៣០ម៉ែត្រ

៧. ផ្លូវស្តុបទន្លេសាប ទៅជើង

៨.កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )

ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន ៕