សឿ សុធា​រ៉ាបាន​សម្រេច​បន្ថែម​មុខរបរ​ថ្មី​មួយទៀតទោះបីជាមិនបានប្រឡូកក្នុងអាជីពសិល្បះក៏ដោយ

សឿ សុធា​រ៉ាបាន​សម្រេច​បន្ថែម​មុខរបរ​ថ្មី​មួយទៀតទោះបីជាមិនបានប្រឡូកក្នុងអាជីពសិល្បះក៏ដោយ

រាជធានី​ភ្នំពេញ​៖ ខណៈ​នៅ​ឆ្ងាយ​ពី​អាជីព​សិល្បៈ អ្នក​នាង​សឿ សុធា​រ៉ា បាន​ចាប់ផ្តើម​មុខរបរ​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត​។ តើ​អ្នក​នាង​សុធា​រ៉ា ធ្វើ​អ្វី​នៅ​ក្រៅ​រង្វង់​សិល្បៈ ?អ្នក​នាង​សឿ សុធា​រ៉ា បាន​សម្រេច​លេង​បង្ហាញមុខ​ក្នុង​អាជីព​សិល្បៈ​បន្ត​ទៀត ក្រោយ​ពី​នាង​បាន​សម្រេច​ចូល​រោងការ​ជាមួយ​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​លោក សា​ពូន មី​ដា​ដា ។ ខណៈ​មានកូន​ពីរ​នាក់​ទាំង​អ្នក​នាង​សឿ សុធា​រ៉ា និង​លោក​សា​ពូន មី​ដា​ដា បាន​បាត់​មុខ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ មក​ហើយដោយ​មិន​ទាន់​មាន​ឃើញ​តម្រុយ​ណាមួយ​ថា អ្នក​ទាំង​ពីរ​អាច​នឹង​បើកផ្លូវ​សម្រាប់​ខ្លួនឯង​វិល​ចាប់​អាជីព​ចាស់​ជា​ថ្មី​ឡើង​វិញ​ទេ ។

បើ​ទោះបីជា​មិន​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​សឿ សុធា​រ៉ា នៅ​តែ​បង្ហាញ​ជីវភាព​ហ៊ឺហា ថ្លៃថ្នូរ​ក្នុង​សង្គម ជាមួយ​ការ​ក្តោប​ក្តាប់​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដៃ ។ បន្ទាប់​ពីមុខ​របរ​សំអាងការ​ដែល​បាន​បើក​ដំណើរការ​អស់​ជា​ច្រើន​ឆ្នាំ​នោះ អ្នក​នាង សឿ សុធា​រ៉ា បាន​សម្រេច​បន្ថែម​មុខរបរ​ថ្មី​មួយទៀត គឺ​ហាង​កាត់ដេរ​សម្លៀក​បំពាក់​ដែល​មានឈ្មោះ​ថា Your Dream​។ ហាង​កាត់ដេរ​នេះ​ទើបតែ​បើក​ដំណើរការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​ជាមួយនឹង​មុខរបរ​ថ្មី​នេះ នាង​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ។

មានមុខ​របរ​ចំនួន​២​នៅ​ក្នុង​ដៃ​នាំ​ឲ្យ​គេ​គិត​ថា អ្នក​នាង សឿ សុធា​រ៉ា ទំនងជា​មិន​មានឱកាស​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ដ្បិត​នាង​ត្រូវ​មាន​ភារកិច្ច​គ្រប់គ្រង​ហាង ជាមួយ​តួនាទី​ជា​ម្តាយ​ដែល​ត្រូវ​គ្រប់គ្រង​កូន​ចំនួន​២​នាក់​នៅ​ក្នុង​បន្ទុក ។

កាលពី​អំឡុង​ឆ្នាំ​២០១៦ អតីត​តារា​សម្តែង​អ្នក​នាង​សឿ សុធា​រ៉ា បាន​ប្រកាស​ជា​សាធារណៈ​ថា​នាង​នឹង​ត្រឡប់​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​កូន​ដំបូង​របស់​នាង​បាន​ចម្រើន​វ័យ​ធំធាត់​បន្តិច​នោះ ប៉ុន្តែ​ដំណឹង​នេះ​បាន​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​នាង​ពពោះ​កូន​ទី​២ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខ​ខាន​មិន​អាច​វិល​មក​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​បាន​ឡើយ ។កន្លង​មក​អ្នក​នាង​សឿ សុធា​រ៉ា ធ្លាប់​បាន​អះអាង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​ចាក​ឆ្ងាយ​ពី​សិល្បៈ​នោះ ដោយសារ​នាង​មានគ្រួសារ​ត្រូវ​មើលថែ​កូន​តូច​នៅ​ក្នុង​បន្ទុក ។ សឿ សុធា​រ៉ា និង​សា​ពូន មី​ដា​ដា បាន​រៀប​អាពាហ៍ពិពាហ៍​៣​យប់ ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ ៕