គ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានពីជនជាតិចិនមិនមែនជាគ្រាប់មែនទែនទេ

គ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានពីជនជាតិចិនមិនមែនជាគ្រាប់មែនទែនទេ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ផ្កាយ៣សថេតបានថ្លែងប្រាប់ថាគ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានជាមួយជនជាតិចិនម្នាក់នៅខណ្ឌពោធិ៍សែនជ័យនោះជាប្រភេទគ្រាប់មិនផ្ទុះបាននោះទេដោយសារគ្មានខ្សែឈ្នួនផ្ទុះ។

លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថាតាមការត្រួតពិនិត្យរបស់មន្រ្តីស៊ីម៉ាក់បានបង្ហាញថាជាប្រភេទគ្រាប់បែកកែច្នៃមិនអាចផ្ទុះនោះទេដូច្នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

លោកឧត្តមសេនីយ៍ឯកសថេតបានបញ្ជាក់យ៉ាងដូច្នេះថា«សូមសាធារណជនជ្រាបក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះមិនមែនជាគ្រាប់បែកនោះទេដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះឃើញសុទ្ធតែខ្សាច់មិនមានរំសេវ»។

ជាមួយគ្នានេះលោកស្នងការក៏បានបញ្ជាក់ផងដែរថាករណីនេះផ្ដើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួនជាជនជាតិចិនដូចគ្នាទើបធ្វើឲ្យជនសង្ស័យយកគ្រាប់បែកកែច្នៃមកគំរាមដៃគូជម្លោះរបស់ខ្លួន។. យ៉ាងណាក៏ដោយនៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងបើកការស្រាវជ្រាវសួរនាំទៅលើជនសង្ស័យបន្ថែមទៀតដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងអាវុធហត្ថនិងកម្លាំងស៊ីម៉ាក់បានចាប់ខ្លួនបុរសជនជាតិចិននៅក្រោយផ្សារឯករាជ្យ១ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យជាមួយកាបូបពណ៌ខ្មៅដោយនៅក្នុងកាបូបនោះមានគ្រាប់កែច្នៃជាច្រើនគ្រាប់៕