អាសូរណាស់ ប្រពន្ធគ្រប់ខែឆ្លងទន្លេបែរជាស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ ប្តីមិនសុខចិត្តចោទថាមកពីគ្រូពេទ្យ

អាសូរណាស់ ប្រពន្ធគ្រប់ខែឆ្លងទន្លេបែរជាស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ ប្តីមិនសុខចិត្តចោទថាមកពីគ្រូពេទ្យ

ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ត្រូវប្តីដឹកទៅសម្រាលនៅមន្ទីរពេទ្យ ស្រាប់តែអកុសល មិនទាន់បានសម្រាលផង ក៏ដាច់ខ្យល់ស្លាប់ទាំងម្តាយទាំងកូនក្នុងផ្ទៃ ធ្វើឱ្យបុរសជាប្តី រួមនឹងកូនស្រីស្ត្រីរងគ្រោះ កើតទុក្ខមិនសុខចិត្ត ចោទថា បណ្តាលមកពីគ្រូពេទ្យមិនយកចិត្តទុកដាក់ជួយសង្គ្រោះ ដោយគ្មានវេជ្ជបណ្ឌិតប្រចាំការ ទុកជនរងគ្រោះឱ្យស្លាប់នៅក្រៅបន្ទប់សម្រាល។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះខាងលើ មានឈ្មោះផន សាវរី អាយុ៤០ឆ្នាំ មានកូនស្រី៣នាក់។ ចំណែកកូនស្រីម្នាក់ទៀតស្លាប់ក្នុងផ្ទៃ ជាមួយម្តាយ ជាកូនទី៤ មានលំនៅក្នុងភូមិត្រពាំងថ្នា ឃុំរាជ្យមន្ទីរ ស្រុកកំពង់រោទ៍។

តាមសម្តីយុវតីឈ្មោះផាង លីឌីន អាយុ២០ឆ្នាំ ត្រូវជាកូនទី២របស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ម្តាយនាងគ្រប់ខែឆ្លងទន្លេ និងត្រូវបានឪពុកនាងបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ផ្នែកសម្ភព នៅវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លុះមកដល់ គ្រូពេទ្យវាស់ឈាម និងពិនិត្យចង្វាក់បេះដូងរួច ក៏បន្តោកសេរ៉ូមឱ្យ១ប្លោក។ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ គ្រូពេទ្យឱ្យនាំម្តាយចុះទៅមើលអេកូ ទើបនាងប្រញាប់នាំម្តាយទៅកន្លែងអេកូ លុះទៅដល់ ក៏ត្រូវគ្រូពេទ្យប្រចាំការនៅទីនោះស្តីបន្ទោស ដោយប្រើពាក្យមិនសមរម្យមកលើនាងជាអ្នកកំដរថា ថ្មើរហ្នឹង មានអ្នកអេកូឯណាទាំងព្រឹក ទើបនាងបានគ្រាហ៍ម្តាយឡើងទៅជាន់ទី២វិញ។

កូនស្រីរបស់ស្ត្រីរងគ្រាះ បន្តថា សូម្បីតែដែកសម្រាប់ព្យូរសេរ៉ូម គ្រូពេទ្យបានប្រើកូនជនរងគ្រោះទៅរកយកដែកព្យូរសេរ៉ូមខ្លួនឯងដែរ បន្តោងសេរ៉ូម ហើយទៅបាត់ រហូតដល់ម៉ោង៩ព្រឹក ទើបបានអេកូពោះ។ បន្ទាប់មក នៅវេលាម៉ោង១រសៀល ឪពុកនិងនាងបានប្រទះឃើញសភាពរបស់ម្តាយដូចជាមិនសូវស្រួល ក៏ទៅសួរគ្រូពេទ្យថា សភាពម្តាយនាងដូចជាមិនល្អទេ បើយ៉ាងណា សូមវះកាត់ទៅ គ្រូពេទ្យឆ្លើយថា មិនអីទេ ទុករហូតដល់ម៉ោង៤រសៀល ម្តាយនាងប្រាប់ថា គាត់ធ្វើទុក្ខក្នុងខ្លួនខ្លាំង ក្តៅក្នុងខ្លួនខ្សោះទឹក ប្រាប់ពេទ្យទៅ បើមិនកើតទេ ឱ្យពេទ្យវះកាត់ទៅ។ ពេលនោះ នាងនិងម្តាយធំ ឃើញម្តាយធ្វើទុក្ខខ្លាំង ត្រូវការជំនួយពីគ្រូពេទ្យ ក៏បានរត់រកគ្រូពេទ្យឱ្យមកមើលជួយសង្គ្រោះ ក៏ប៉ុន្តែគ្មានគ្រូពេទ្យប្រចាំការទេ រីឯគ្រូពេទ្យម្នាក់មកដល់ប្រាប់ថា មិនអីទេ ឱ្យម្តាយនាងអង្គុយលើកន្ថោខាងមុខបន្ទប់រង់ចាំ ប្រាប់ថា រង់ចាំគ្រូពេទ្យមកសិន។

លុះដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ មេសា ម្តាយគាត់ស្រែកថ្ងូរថា ចុកខ្លាំង និងវិលមុខ នាងខំរត់ទៅរកគ្រូពេទ្យទៀត តែគ្មានឃើញគ្រូពេទ្យប្រចាំការម្នាក់ទេ ពេលនោះម្តាយនាងក៏ចុក រហូតបែកពពុះមាត់ ស្លឈាម ខ្លួនឡើងខ្មៅ រកប្រកាច់ដួលនៅខាងមុខបន្ទប់ ទើបគ្រូពេទ្យមកសែងចូលក្នុងបន្ទប់ ដើម្បីសង្គ្រោះ។ តែអ្វីៗវាហួសពេលទៅហើយ ម្តាយនាងបានដាច់ខ្យល់ស្លាប់ និងស្លាប់ទាំងកូនក្នុងផ្ទៃតែម្តង។ ពេទ្យមកដល់ ហើយអង្អែលក្បាលរបស់នាង រួចប្រាប់ថា កាត់ចិត្តទៅ គ្រូពេទ្យជួយអស់លទ្ធភាពហើយ តែមិនអាចជួយបាន។ តាមពិត គ្មានគ្រូពេទ្យប្រចាំការទេ ម្តាយនាងស្លាប់ រួមនឹងកូនក្នុងផ្ទៃក៏ស្លាប់ គឺដោយការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ។

តាមសម្តីបុរសជាប្តីឈ្មោះផាង សំអុល អាយុ៤៥ឆ្នាំ បានលើកឡើងថា ការដែលប្រពន្ធរបស់គាត់បាត់បង់ជីវិត គឺបណ្តាលមកពីពេទ្យមិនយកចិត្តទុកដាក់ ហើយធ្វេសប្រហែស ធ្វើឱ្យប្រពន្ធគាត់ស្លាប់ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ឱ្យសពប្រពន្ធ និងកូនគាត់ផង។

ពាក់ពន្ធ័ករណីខាងលើនេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង មិនមែនស្លាប់ដោយសារពេទ្យធ្វេសប្រហែស ឬពេទ្យមិនយកចិត្តទុកដាក់នោះទេ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្ថែមថា បើតាមការពិនិត្យតាមដានស្ថានភាពផ្ទៃពោះ និងតាមការមើលអេកូ គឺសភាពធម្មតា អាចសម្រាលតាមធម្មជាតិបាន ហើយបញ្ហាស្បូន គឺមិនទាន់បើក គ្រូពេទ្យក៏បានដាក់ថ្នាំឱ្យបើកស្បូន គឺស្បូនបើកបាន៣សង់ទីម៉ែត្រ ទើបទុកឱ្យកើតតាមធម្មជាតិ មិននឹកស្មានថា ចៃដន្យស្ត្រីរងគ្រោះមានជំងឺគាំងបេះដូងកើតឡើង ធ្វើឱ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដូច្នេះ។ ប្រពភពីនគរធំ