កាន់តែវីវរហើយ! ដើម្បីរកយុត្តិធម៌ឲ្យក្មេងទាំង២ លោកជួន ណារិន្ទសន្យាចាប់ខ្លួនជនសង្ស័យបានឆាប់ៗ

កាន់តែវីវរហើយ! ដើម្បីរកយុត្តិធម៌ឲ្យក្មេងទាំង២ លោកជួន ណារិន្ទសន្យាចាប់ខ្លួនជនសង្ស័យបានឆាប់ៗ

ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ក្មេងប្រុសស្រីតូចៗ ចំនួន២នាក់បងប្អូន កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ដោយសមត្ថកិច្ចបានបង្ហាញមុខ (រូបថត) ជនសង្ស័យ ដែលពេលនេះ សមត្ថកិច្ចកំពុងដុតដៃជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននោះ មានឈ្មោះឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅមូលដ្ឋានកើតហេតុខាងលើ។ ចំណែកក្មេងតូចៗទាំង២នាក់បងប្អូន ជាជនរងគ្រោះ ដែលត្រូវឃាតករចិត្តកំណាច រំលោភសម្លាប់យ៉ាងព្រៃផ្សៃនេះ រួមមាន ទី១-ឈ្មោះផា ស្រីលក្ខ័ ភេទស្រី អាយុ១០ឆ្នាំ និងទី២-ឈ្មោះផា សុខលី ភេទប្រុស អាយុជាង២ឆ្នាំ។ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ មានឪពុកឈ្មោះអ៊ួន ផា ជាកម្មករសំណង់ ចំណែកម្តាយប្រកបរបរជាកូនកាំបិតនៅហាងចិន។ ក្រុមគ្រួសារខាងលើ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទើបមកស្នាក់នៅទីតាំងកើតហេតុ បានរយៈពេលប្រមាណ១សប្តាហ៍ប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ក្នុងអំពើសម្លាប់ក្មេងប្រុសស្រី២នាក់បងប្អូន នៅឃុំបិតត្រាំង ស្រុកព្រៃនប់ បានហើយ ដែលបច្ចុប្បន្នជនសង្ស័យកំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ចដដែលបញ្ជាក់ថា ជនសង្ស័យមានឈ្មោះឈឹម វិចិត្រ ជាអ្នកស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ ហើយពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឬអ្នកប្រទះឃើញជនសង្ស័យរូបនេះ នៅកន្លែងណាមួយ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដើម្បីឈានដល់ការនាំខ្លួនមកសាកសួរ។

ដោយឡែក អង្គការ Child Protection Unit (CPU) របស់អូស្ត្រាលី ដែលមានជំនាញកោសល្យវិច័យ ពិសេសករណីដែលកើតឡើងចំពោះកុមារនៅកម្ពុជា បានបង្ហាញអារម្មណ៍រន្ធត់ជាពន់ពេក ចំពោះភាពព្រៃផ្សៃ នៃការប្រព្រឹត្តរបស់ជនបង្កហេតុ រហូតដល់ថ្នាក់រកពាក្យនិយាយមិនបាន។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ អង្គការ CPU បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ ថា “ករណីឃោរឃៅបំផុត ដែលពួកយើងត្រូវធ្វើការអង្កេត ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ២ឆ្នាំ និងបទល្មើសរំលោភនិងសម្លាប់ ក្មេងស្រីអាយុ១០ឆ្នាំ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩។

ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច័យ CPU បន្តប្រតិបត្តិការនៅកន្លែងកើតហេតុក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពក្មេងរងគ្រោះដែលប្រលាក់ដោយឈាម ត្រូវបានគេរកឃើញនៅលំនៅរបស់ពួកគេ នៅម៉ោង៣និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់ពួកគេបានចេញទៅធ្វើការ។ ក្មេងស្រីរងគ្រោះនៅមានជីវិតនៅឡើយ ពេលដែលរកឃើញ ប៉ុន្តែត្រូវការសង្គ្រោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឱ្យ CPU រៀបចំការផ្លាស់ប្តូរមកព្យាបាលនៅភ្នំពេញ។ ដោយសារមុខរបួសធ្ងន់ពេកក្មេងស្រីរងគ្រោះបានស្លាប់ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។

“ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះ ធ្វើឱ្យសូម្បីតែអ្នកជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំ មានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។ គ្រប់ធនធានដែលយើងមាន កំពុងធ្វើការប្រើប្រាស់ ដើម្បីរកអត្តសញ្ញាណរបស់ជនល្មើស។ យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ យើងមិន អាចយល់ពីកម្រិតនៃអំពើហិង្សាដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សូមឱ្យអ្នកទាំងពីរទៅឱ្យបានស្ងប់ ដោយដឹងថា សមាជិករបស់កម្លាំងការងារ នឹងមិនសម្រាកឡើយ ទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។​ តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ បានឱ្យដឹងថា កូនគាត់ទាំង២នាក់ ដែលរងគ្រោះនេះ ម្នាក់ស្រីឈ្មោះផា ស្រីលក្ខ័ អាយុ១០ឆ្នាំ និងម្នាក់ទៀតប្រុសឈ្មោះ ផា សុខលី អាយុជាង២ឆ្នាំ។ គាត់ថា ហេតុការណ៍នេះកើតឡើងពេលដែលមិនមានមនុស្សចាស់ ចេញទៅធ្វើការខាងក្រៅអស់ មានតែក្មេងៗនៅក្នុងផ្ទះប៉ុណ្ណោះ។

ចំណែកលោកអ៊ួន ផា ជាឪពុកក្មេងរងគ្រោះ បានរៀបរាប់ថា ក្រុមគ្រួសារគាត់មិនមែនជាអ្នករស់នៅទីតាំងកើតហេតុនេះទេ គឺមានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានមកធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ ទើបតែប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ។ ប្រពន្ធរបស់លោកជាកូនកាំបិតនៅហាងចិន ឯរូបលោកធ្វើសំណង់។ បច្ចុបន្ន ដោយស្នាក់នៅផ្ទះជាមួយមេជាងសំណង់ (ផ្ទះកើតហេតុ)។ ហើយនៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការសំណង់ តាំងពីម៉ោង១រសៀល រហូតម៉ោងប្រហែល២ជាង ប្អូនប្រុសគាត់ដែលនៅក្បែរនោះ បានមកសួរគាត់ថា ថ្ងៃនេះបាត់អាលី និងអាល័ក្ខ ទៅណា អត់ឃើញមកលេងផ្ទះ? បន្ទាប់មក ប្អូនប្រុសគាត់ក៏ដើរសំដៅទៅផ្ទះគាត់ ក៏ឃើញកូនគាត់ស្លាប់ក្នុងថ្លុកឈាម បាត់ទៅហើយ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះនៅមានដង្ហើមផ្តឹកៗនៅឡើយ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចក៏បន្តមកមន្ទីរពេទ្យរាជធានីភ្នំពេញទៀត តែអកុសល ដោយសារតែស្ថានភាពរបួស របស់ក្មេងស្រីរងគ្រោះមានសភាពធ្ងន់ខ្លាំងពេក ទើបក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះ នៅវេលាម៉ោង៨យប់ថ្ងៃដដែល។

ជុំវិញករណីឃាតកម្មខាងលើនេះ មានការសន្និដ្ឋានជំហានដំបូងថា ជាករណីរំលោភសម្លាប់ ដោយសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ ជាបង។ លុះក្មេងប្រុសរងគ្រោះជាប្អូនឃើញស្រែក ក៏ត្រូវជនសង្ស័យវាយសម្លាប់ទាំង២នាក់បងប្អូនតែម្តង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសដោយសន្យាជាមួយក្រុមគ្រួសារក្មងរងគ្រោះ២នាក់បងប្អូនបង្កើត ដែលត្រូវឃាតករចិត្តព្រៃផ្សៃ រំលោភសម្លាប់ចោលនេះថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវតាមចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

លោកជួន ណារិន្ទ បានថ្លែងបញ្ជាក់ថា “ខ្ញុំសន្យាថា នឹងសហការជាមួយអង្គការ CPU និងនាយកដ្ឋានជំនាញចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងតាមចាប់ឃាតករនេះ ដើម្បីយកមកផ្តន្ទាទោសឱ្យបានតឹងរ៉ឹងបំផុតទៅតាមផ្លូវច្បាប់…”។

ដោយឡែក នៅព្រឹកនៅ គណនីហ្វេសប៊ុកផ្លូវការរបស់អង្គការ CPU បានសរសេរក្នុងទំព័រហ្វេសប៊ុកបញ្ជាក់បន្ថែមថា “គ្មានកន្លែងសម្រាប់លាក់ខ្លួន យើងនឹងរកឯងឱ្យឃើញការរកជនល្មើសក្នុងករណីរំលោភ និងសម្លាប់អនីតិជនទាំងពីរ កំពុងដំណើរការទូទាំប្រទេសកម្ពុជា។ នគរបាលជាតិ នគរបាលខេត្តព្រះសីហនុ និង CPU បន្តការរកជនល្មើសឈ្មោះ ឈឹម វិចិត្រ ដែលបានប្រហារទៅលើក្មេងរងគ្រោះទាំងពីរនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ក្រុមកម្លាំងការងារ “India” បានសន្យាថា នឹងប្រើប្រាស់គ្រប់ធនធានដែលយើងមាន ដើម្បីរកទីកន្លែងជនល្មើស ហើយចាប់ខ្លួនមកផ្តន្ទាតោសតាមច្បាប់ ចំពោះករណីដែលយើងរៀបរាប់ថាសាហាវ និងឃរឃៅបំផុត។