លោក ផែង វណ្ណៈ អាច​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃនេះ

លោក ផែង វណ្ណៈ អាច​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃនេះ

ភ្នំពេញៈ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ​គ្រោង​នឹង​ដោះលែង​លោក ​ផែង​ វណ្ណៈ​ ឲ្យ​មាន​សេរី​ភាព​វិញ​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​មិថុនា​នេះ​ ក្រោយ​ពី​ជាប់​អស់​រយៈ​ពេល​ជាង​​ ២ ​ខែ។​ ​យោង តាម ​លោក​ សួស​ វិទ្យា​រ៉ាន់​ឌី​ អនុ​ប្រធាន​លេខា​ធិការ​ដ្ឋានរដ្ឋបាល​នៃ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ។​

​លោក​ ​ផែង​ វណ្ណៈ ​ជាប់​​បណ្តឹង​​មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​បុគ្គល​មួយ​ចំនួន​ទៀត​ពី​ការ​និយាយ​គ្មាន​សំ​ចៃ​ រហូត​ត្រូវ​សាលា​​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ចេញ​ដីកា​បង្គាប់​ឃាត់​ខ្លួន​ និង​​ឃុំ​ខ្លួន​ ចាប់​តាំង​​ពី​ថ្ងៃ​ទី ៣​ ខែ​មេសា ​កន្លង​មក។​

​លោក​ សួស ​វិទ្យា​រ៉ាន់​ឌី​ បាន​ឲ្យ​ដឹង​ថា​​ តាម​រយៈ​សាល​ក្រម​សា​លា​​ដំបូង​រាជ​ធានី​ភ្នំពេញ​ តុលា​ការ​បាន​សម្រេច​​ផ្តន្ទាទោស​លោក​ ​ផែង​ វណ្ណៈ ​រយៈ​ពេល​ ១ ឆ្នាំ ​តែ​អនុវត្ត​ទោសក្នុង​ពន្ធ​នា​គារ​តែ​ ២​ ខែ​ ១៥ ​ថ្ងៃ​ប៉ុណ្ណោះ​ ឯ​ទោស​នៅ​សល់​ គឺ​ត្រូវ​ព្យួរ​និង​ពិន័យ​ទឹក​ប្រាក់​ចំនួន​ ៤ លានរៀល។​

កា​ល​ពី​ថ្ងៃ​ទី​ ១១​ មិថុនា ​លោក​ ផែង​ វណ្ណៈ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ដើ​ម្បី​សារ​ភាព​កំហុស​ និង​សូម​ទោស។​ តាម​រយៈ​លិខិត​លោក​សម្ដែង​នូវ​ការ​​សោក​ស្តាយ​ចំពោះ​ទង្វើ​មិន​គប្បី​របស់​ខ្លួន​ ហើយ​លោក ​អះអាង​ថា​ ទង្វើ​នេះ ​គឺ​កើត​ពី​អា​រម្មណ៍​ឆេវ​ឆាវ​មួយ​ពេល​ ដែល​ធ្វើ​ឲ្យ​ភ្លេច​ខ្លួ​ន​ និង​ខ្វះ​ការ​ពិចារណា។​

​ក្នុង​លិខិត​ផ្ញើ​ទៅ​​លោក​នាយក​រដ្ឋ​មន្រ្ដី​ដដែល​ លោក​ វណ្ណៈ​ មិន​ត្រឹម​តែ​សូម​ទោស​លោក​នាយក​រដ្ឋ​មន្រ្ដី​​ទេ​ លោកក៏​បាន​សូម​ទោស​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ផង​ដែរ​ ពី​សកម្ម​ភាព​និយាយ​ជា​សាធា​រ​ណៈ​គ្មាន​ប្រណី​រហូត​ឈាន​ដល់​ជាប់​បណ្ដឹង​នេះ។​

​លោក​សរ​សេរ​រៀប​រាប់​ទៅ​លោក​នាយក​រដ្ឋ​មន្រ្ដី​បែប​នេះ​ថា​៖​ «​ខ្ញុំ​បាទ​ចង​ចាំ​ជា​និច្ច​នូវ​កំហុស​ឆ្គង​កន្លង​មក​នេះ​ ដោយ​សន្យា​ថា​ នឹង​កែ​ប្រែ​អត្ត​ច​រិត​ ពាក្យ​សម្តី​របស់​ខ្លួន​ និង​មិន​ឲ្យ​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​ឡើយ»។​

​លោក ​ផែង​ វណ្ណៈ ​ត្រូវ​បាន​លោក ​គី ​តិច​ មេធា​វី​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី ​ហ៊ុន ​សែន​ ប្តឹង​ពី​បទបរិ​ហារ​កេរ្តិ៍​ជា​សា​ធារ​ណៈ​​ និង​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។​

​ការ​រង​បណ្តឹង​នេះ ​ក្រោយ​ពេល​ ​លោក​ វណ្ណៈ​ បាន​ចោទ​ជា​សំណួរ​ថា​ បើ​លោក​មាន​ទោស​ដោយ​គ្រាន់​តែយក​ថវិ​កា​ទៅ​​ចូល​បុណ្យ​សព​កញ្ញា ​ឌុំ​ រី​ដា​ និស្សិត​ឆ្នាំ​ ៤​ ដែល​ស្លាប់​ដោយសារ​យុវតី​ យិន​ ម៉ា​ណា ​បើក​រថ​យន្ត​បុក​ ចុះ​ លោក ហ៊ុន​ សែន​ ឲ្យ​គេ​យក​ថវិកា​ ទៅ​ចូល​បុណ្យ​សព​ លោក ​កែម​ ឡី ​យ៉ាង​ម៉េច​ទៅវិញ?​ ​

​លោក ​គី ​តិច​ ​មិន​អាច​ទាក់ទង​​ដើ​ម្បី​សុំ​អត្ថា​ធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិលមិញ។​

​ប៉ុ​ន្ដែ​លោក ​គី​ តិច​ ធ្លាប់​បាន​ប្រាប់​បណ្ដាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា ​លោក​ចាត់​ទុក​សំណួរ​របស់​លោក ​ផែង​ វណ្ណៈ ​ថា​ មាន​ចេតនា​ចោទ​លោក​នាយក​​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន ថា​ ជា​អ្នក​នៅ​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី។​ ​

​មូ​ល​ហេតុ​ ដែល​លោក​ ផែង​ វណ្ណៈ ​ចោទ​ជា​សំណួរ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​លោក ពេជ្រ​ ស្រស់​ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា។

​លោក​ ពេជ្រ​ ស្រស់​ បាន​ប្តឹង​លោក ផែង​ វណ្ណៈ ​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​សង្ស័យ​ថា​ លោក​ ផែង​ វណ្ណៈ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​បន្ទាប់​ពី​លោក​នាំ​យក​ថវិកា​ ៥ ពាន់​ដុល្លារ​ ពី​គ្រួសារ​យុវតី​ យិន ម៉ា​ណា ​ទៅ​ចូល​បុណ្យ​សព​កញ្ញា ​ឌុំ ​រីដា។​ ​

​គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃទី​ ១៤​ ខែ​ មិថុនា ​ឆ្នាំ​ ២​០១៩​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនា​ការ​លើ​សំណុំរឿង​ជន​ជាប់​ចោទ​ ផែង​ វណ្ណៈ ​ពាក់​ព័ន្ធ​នឹងករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បរិ​ហា​រកេ​រ្តិ៍​ជា​សាធារ​ណៈ​ ដោយ​នៅ​ក្នុង​សវ​នា​ការ​សាធារ​ណៈ​នេះ​ ជន​ជាប់​ចោទ​ ផែង​ វណ្ណៈ ​បាន​ប្រកាស​ថា​ ខ្លួន​ពិត​មាន​កំហុស​ក្នុង​ការ​ជេរ​ប្រមាថ​ និង​ត្រៀម​ធ្វើ​លិខិត​សុំ​ទោស​មក​កាន់​ Fresh News​ ផងដែរ។​

រហូត​មក​ទល់​ថ្ងៃ​ចន្ទ​ម្សិល​មិញ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​សាល​ក្រម​សម្រេច​ផ្តន្ទា​ទោស​លោក​ ផែង​ វណ្ណៈ ​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ១ ឆ្នាំ​ ប៉ុន្តែ​អនុវត្ត​ទោស​ តែ​ ២​ ខែ​ ១៥ ​ថ្ងៃ​ ក្រៅ​ពីនោះ​ព្យួរ​ និង​ត្រូវ​សង​ជំងឺ​ចិត្ត​​តាម​ការ​ទាមទារ​របស់​អង្គ​ភាព​ព័ត៌​មាន​ Fresh News ​ចំនួន​ ១០០ ​រៀល ​(​២​ សំណុំ​រឿង​​=​២០០​រៀល​) ​និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ចំនួន​ ៦ ​លាន​រៀល។