សូមចូលរួមរំលែកទុក្ខផងអ្នកជំងឺគ្រុនឈាមស្លាប់២នាក់ ក្នុងថ្ងៃតែមួយ ពលរដ្ឋខេត្តមណ្ឌលគិរីបារម្ភ

សូមចូលរួមរំលែកទុក្ខផងអ្នកជំងឺគ្រុនឈាមស្លាប់២នាក់ ក្នុងថ្ងៃតែមួយ ពលរដ្ឋខេត្តមណ្ឌលគិរីបារម្ភ

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនឈាម ដែលកំពុងវាយលុក និងបង្កឱ្យមនុស្សចំនួន២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែកើតមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កាលពីព្រលប់និងយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។


សេចក្តីរាយការពីនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៦ មិថុនា សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មានអ្នកជំងឺគ្រុនឈាមម្នាក់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យទីក្រុងភ្នំពេញ។

សេចក្តីរាយការណ៍ថា យុវជនរងគ្រោះរៀនថ្នាក់ទី៨ មានលំនៅក្នុងក្រុងសែនមនោរម្យ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជួនមកមន្ទីរពេទ្យ បង្អែកខេត្តមណ្ឌលគិរី ព្យាបាលអស់ជាច្រើនថ្ងៃ។ នៅថ្ងៃកើតហេតុ ដោយសភាពជំងឺកាន់តែធ្ងន់ ឪពុកម្តាយបានបញ្ជួនកូនទៅសង្គ្រោះបន្តនៅភ្នំពេញ តែអកុសល អ្នកជំងឺបានស្លាប់លើរថយន្តនៅត្រឹមតែស្រុកអូរាំង។

សេចក្តីរាយការណ៍ បន្តថា យុវជនរងគ្រោះមានឈ្មោះព្រឿង ដារ៉ា ភេទប្រុស ជនជាតិព្នង អាយុ១៥ឆ្នាំ ទីកន្លែងកំណើតភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ជាសិស្សរៀនថ្នាក់ទី៨ នៃវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី មានឪពុកឈ្មោះព្រឿង រិទ្ធី ម្តាយឈ្មោះ សេង ស៊ីថា។

ដោយឡែក យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់នគរបាលស្រុកកែវសីមា បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចវិហារយេស៊ូ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានមនុស្សម្នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម។ ស្ត្រីរងគ្រោះមានឈ្មោះឌី សាវឿន ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះត្រូវជាភរិយាលោកផាត សុខឡេង បច្ចុប្បន្នជាមន្ត្រីនគបាលវរៈសេនាតូចការពារព្រំដែនលេខ៦២១ មានតួនាទីជាអនុប្រធានប៉ុស្តិ៍អូហ៊ុច។