ល្បីបាត់! សន្តិសុខណាហ្គាវើលដ៍ និងបក្ខពួក អត់លុយចាយចេញធ្វើចោរឆក់ តែរត់មិនរួច

ល្បីបាត់! សន្តិសុខណាហ្គាវើលដ៍ និងបក្ខពួក អត់លុយចាយចេញធ្វើចោរឆក់ តែរត់មិនរួច

ភ្នំពេញ៖ យុវជនជាសន្តិសុខណាហ្គាវើលដ៍ និងបក្ខពួកម្នាក់ទៀត បានរួមគំនិតគ្នា ជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ តែចំថ្ងៃស៊យ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ សហការជាមួយនគរបាលខណ្ឌដង្កោ បើកម៉ូតូប្រដេញចាប់ក្របួចជាប់នាំមកចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍ចោរកម្មនេះ បានកើតឡើងនៅម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសារៈមន្ទីជើងឯង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដេញចាប់បាននៅចំណុចផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ ។

ជនសង្ស័យជាចោរឆក់ទូរស័ព្ទដែលសមត្ថកិច្ចចាប់ខ្លួនបាន ទី១ ឈ្មោះមឿន សុវណ្ណផាកភុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលសង្កែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរសន្តិសុខណាហ្គាវើលដ៍ និងទី២ ឈ្មោះសាត សុខឌីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ មុខរបរមិនពិតប្រាកដ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLik ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FL-0463 ឌុបគ្នា មកដល់ចំណុច មុខសារៈមន្ទីជើងឯង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក HUAWEI Y7 Pro ពណ៌ទឹកប៊ិក របស់នារីរងគ្រោះឈ្មោះ សារិន ស្រីលាភ អាយុ២០ឆ្នាំ រស់នៅភូមិម័ល សង្កាត់ដង្កោ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ដែលកំពុងជិះម៉ូតូHONDA CLiK ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1R-7281 ។

ប្រភពបន្តថា ក្រោយពីសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានបើកម៉ូតូរត់គេចខ្លួន តែពេលនោះ ត្រូវនារីរងគ្រោះស្រែកផ្អើលដល់ប្រជាពលរដ្ឋ និងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ភ្លាម ដោយបានសហការគ្នាល្អជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌដង្កោ បើកម៉ូតូដេញតាមជនសង្ស័យរហូតមកដល់ចំណុចផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ ទើបចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ការិយាល័យព្រហ្មទណ្ឌទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់។ រីឯទូរស័ព្ទសមត្ថកិច្ច បានធ្វើការដកហូតប្រគល់ជូននារីរងគ្រោះជាម្ចាស់យកទៅប្រើប្រាស់វិញ។