សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​ ៣​នាក់​ ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ដារម៉ាត

សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​ ៣​នាក់​ ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ដារម៉ាត

យុវជន ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា នេះ នៅ​ពេល​ដែល​ពួកគេចូលរួម​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ការាស់​សាំង​កាល់តិច ជិត​ស្ដុប​បូកគោ ទី​ដែល​លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ ៣​ឆ្នាំ​មុន។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​បរិវេណ​នៃ​ការាស់​សាំង​កាល់តិច (Caltex) នៅ​ព្រឹក​នេះ ដើម្បី​រារាំង​ការ​ជួបជុំ​របស់​មន្ត្រី​អង្គការ សមាគម សហជីព និង​យុវជន​មក​ដាក់​កម្រង​ផ្កា រំលឹក​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​ក្រុម​យុវជន​ប្រមាណ ១០​នាក់ ដែល​ស្នើ​ជួបជុំ​ដាក់​កម្រង​ផ្កា​នៅ​ទី​នេះ ក្រោម​ហេតុផល​ថា ទី​តាំង​នេះ ជា​កន្លែង​ឯកជន និង​ខ្លាច​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម។

ទោះ​យ៉ាងណា ក្រុម​យុវជន​អះអាង​ថា ការ​ដាក់​កម្រង​ផ្កា​នេះ​មិន​បាន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ហើយ​​ពួក​គាត់​នៅ​តែ​មក​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ កែម ឡី ដូច​ធម្មតា ទោះ​រង​ការ​រឹត​ត្បិត និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យ៉ាងណា​ក្ដី។

ដោយឡែក នៅឯសង្កាត់ស្ទឹងមានជ័យវិញ៖

សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ កំពុង​រារាំង​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ឯ​ស្ដុប​បូក​គោនោះ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​បាន​មក​រារាំង​បក្ស​មូលដ្ឋាន នៅម៉ោងប្រហែល ​៨ព្រឹក នៅ​ពេល​គណបក្ស​នេះ កំពុង​រៀបចំ​ធ្វើ​ដំណើរ​ចេញ​ទៅ​ចូលរួម​ពិធី​បុណ្យ​គម្រប់​ខួប ៣ឆ្នាំបណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ តែ​ឆៀង​ចូល​ស្ដុប​បូកគោ ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ​សិន។ លោក ឡឹក សុធា ប្រាប់​ទៀត​​ថា អធិការ​ខណ្ឌ​មានជ័យ បាន​ដឹក​នាំ​កង​កម្លាំង​មក​រារាំង​ផ្ទាល់ នៅ​មុខ​ទីស្នាក់ការ​បក្ស​មូលដ្ឋាន នៅក្នុង​បុរីសូនី ម្ដុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ហើយ​​មិន​ព្រម​ប្រាប់​ពី​មូលហេតុ នៃ​ការ​រារាំង​នោះ​ឡើយ។

លោក ឡឹក សុធារ ប្រាប់​ថា គិត​ត្រឹម​ម៉ោង​ជាង ១០ព្រឹក សមត្ថកិច្ច​កំពុង​រារាំង នៅ​ឡើយ ហើយ​ក្រុម​បក្ស​មូលដ្ឋាន​កំពុង​រង់ចាំ​ស្ដាប់​ហេតុផល​នៃ​ការ​ឃាត់​ផ្លូវ​នេះ​ពី​ខាង​សមត្ថកិច្ច គណបក្ស​មូលដ្ឋាន មាន​គ្នា​ប្រមាណ ៣០នាក់។ ប្រភពពត៌មាន RFA