សុទ្ធតែក្មេងៗដែលជាទំពាំងស្នងឬស្សី មិនគួរណាធ្វើរឿងបែបនេះសោះ

សុទ្ធតែក្មេងៗដែលជាទំពាំងស្នងឬស្សី មិនគួរណាធ្វើរឿងបែបនេះសោះ

កម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបក្រុមចោរឆក់វ័យក្មេងដ៏សកម្ម ដោយធ្វើការឃាត់ខ្លួនបានចំនួន៤នាក់ ខណៈដែលក្រុមទាំងនេះធ្លាប់ធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋចជិត២០ដងនៅក្នុងខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្ដិការចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឡូញ មីងសែង អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ប៉ែន វិរះ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី៣ឈ្មោះ ឈួន ចំរ៉ុង អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៤ឈ្មោះ ចាន់ ប្រុសពេជ្រ អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះដកហូតបាន ម៉ូតូ២គ្រឿង ម៉ាក Honda Dream C125 ស៊េរី២០១៥ ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេ 1FC-4284 និងម៉ាក Honda C110 ស៊េរី២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ1FJ5553។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា តាមចម្លើយសារភាព របស់ជនសង្ស័យថា ក្រុមពួកវាធ្លាប់ធ្វើសកម្មភាព៣ដង នៅផ្លូវវេងស្រេង កាលកំឡុងចុងខែមិថុនា និងដើមខែកក្កដា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងធ្វើជាង១០ដង នៅក្នុងខណ្ឌចំការមន។ បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់