លួច​ជីក​គាស់​ដើម​ធ្នង់​ដ៏​ធំ​ក្បែរ​ខ្ទម​អ្នកតា ប៉ូលិស​ទាន់​ចាប់ខ្លួន​បាន​៥​នាក់

ភ្នំពេញ ៖ ដើម​ធ្នង់​ដ៏​ធំ ១​ដើម​ដុះ​នៅ​កន្លែង​ខ្ទម​អ្នកតា ត្រូវ​បាន​ជនសង្ស័យ​៥​នាក់ លួច​កាត់​ជីក​កកាយ​លួច​យក ប៉ុន្តែ​មិន​ទាន់​ស្ទូច​រួច​ផង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន បាន​ទាំង​ជនសង្ស័យ ទាំង​មធ្យោបាយ​ ។

ករណី​លួច​ជីក​ដើម​ធ្នង់​ដ៏​ធំ​១​ដើម​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ២០១៩ ស្ថិត​នៅ​តាម​ប្រឡាយ ភ្លឺស្រែ ក្នុង​ចំណុច​ភូមិ​ស្រែ​ញ័​រ៍ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់ បាន​ឲ្យ​ដឹង​ថា ដើម​ធ្នង់​មួយ​ដើម​ចំណុច​ខ្ទម​អ្នកតា មាត់​ប្រឡាយ ភ្លឺស្រែ ច្រើន​ឆ្នាំ​មក​ហើយ សូ​ម្បី​ពួក​គាត់​កើតមក ឃើញ​ដើម​ធ្នង់​នៅ​ចំណុច​ខាងលើ មាន​ខ្ទម​អ្នកតា ដែល​ប្រជាពលរដ្ឋ អ្នកស្រុក​ភូមិ​គោរព​ជំនឿ​សាសនា ធ្វើ​ពិធី​បែ​បន់​ស្រ៊​ន់​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ម្សិលមិញ ឃើញ​រថយន្ត​ស្ទូច បើក​ចូល​មក ចំណុច​ក្បែរ​ដើម​ធ្នង់​ម្តង​ហើយ រួច​ចេញ​ទៅ​វិញ​បាត់ ស្រាប់តែ​ព្រលឹម​ថ្ងៃ​ទី​១០​ឃើញ​ជនសង្ស័យ ទាំង​៥​នាក់ ប្រដាប់​ដោយ​រថយន្ត​ស្ទូច និង​ឧបករណ៍​កាត់​កកាយ វាយបំបាក់​ខ្ទម​អ្នកតា​ចោល ហើយ​គាស់​យក​ដើម​ធ្នង់ ស្ទូច​លើក​មិន​ទាន់​រួច​ផង ខណៈ​ដែល​រថយន្ត​ស្ទូច​ហើប​បះជើង​ម្ខាង ទើប​លើកយក​ដើម​ធ្នង់​មិន​ទាន់ បន្ទាប់​ពី​ពលរដ្ឋ​ដឹកគោ​មក​ចង ប្រទះ​ឃើញ សង្ស័យ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឃាត់​មនុស្ស​ទាំង​៥​នាក់​បាន​តែ​ម្តង ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍ ចុះ​មក​សាកសួរ​ពិនិត្យ​ជាក់ស្តែង ។ បើ​តាម​សម្តី​ជន​ទាំង​៥​នាក់ ខាងលើ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទិញ​ដើមឈើ​នេះ​ចំនួន​១០០​ដុល្លា ពី​ជន​ម្នាក់ តែ​មិន​បាន​ប្រាប់​ថា​ជា​អ្នក​ណា​ឡើយ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា នេះ​ជា​បទល្មើស​ចោរកម្ម លួច​ទ្រព្យសម្បត្តិ​សាធារណៈ ឃាត់ខ្លួន​នាំ​ទៅ អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី ព្រោះ​ដើម​ធ្នង់​ដែល​មានមុខ​កាត់​ខាង​គល់​ប្រមាណ​៨០​សង់ទីម៉ែត្រ ប្រវែង​ដើម​ជាង​៤​ម៉ែត្រ ជា​ឈើ​ប្រណីត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ឯណោះ ។


error: Content is protected !!