ពេលបានអានសារមួយឃ្លារបស់លោកអភិបាលខេត្ត រតនគិរី ធ្វើឱ្យពលរដ្ឋក្តុកក្តួលគ្រប់គ្នា

ពេលបានអានសារមួយឃ្លារបស់លោកអភិបាលខេត្ត រតនគិរី ធ្វើឱ្យពលរដ្ឋក្តុកក្តួលគ្រប់គ្នា

បើទោះបីជា លោកឪពុកមានជំងឺជាទម្ងន់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញយ៉ាងណាក្តី លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីមិនបានទៅមើលថែ លោកឪពុករបស់លោក ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេគឺលោកនៅបំពេញការងារដ៏មមាញឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តរបស់លោក ។ ជាមួយគ្នានេះដែរ លោកក៏បានសរសេរសារមួយឃ្លាបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកលេងបណ្តាញសង្គមដ៏មានប្រជាប្រិយមួយនេះ មានអារម្មណ៍ក្តុកក្តួលគ្រប់គ្នា ។ មិនតែប៉ុណ្ណោះ លោកបានបង្ហូរទឹកភ្នែក នៅពេលចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋ ដោយឃើញប្រជាពលរដ្ឋជួបការលំបាកនោះ ។

បន្ទាប់ពីមានការមមាញឹកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ហើយជំនន់ទឹកភ្លៀងក៏បានថមថយចុះ វិលទៅរកភាពប្រក្រតីវិញរួចមក លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឆ្លៀតមកមើលថែលោកឪពុករបស់ខ្លួន ដែលកំពុងមានជំងឺជាទម្ងន់ ពេលនោះ លោកក៏បានបង្ហោះនូវសារមួយឃ្លាយ៉ាងក្តុកក្កួលថា៖ លោក ប៉ាប្រជាជន ខេត្ត ស្រុកយើង បានរួចផុត ពីគ្រោះថ្នាក់អស់ហើយ ទឹកទន្លេ ក៏បានស្រក ចុះអស់ហើយ ។ ឱ្យកូនសូមទោស ដែលកូនមិនបានមកមើលថែលោក ប៉ា ប៉ុន្មានថ្ងៃមុននេះ ។

សាររបស់លោកអភិបាល ខេត្តរតនគិរី បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះ មានការអាណិត និង ស្រឡាញ់លោកគ្រប់គ្នា ។ គួររំលឹកផងដែរថា លោក ថង សាវុន អភិបាលខេត្តរតនគិរី ជាកូនរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលពេលនេះ គាត់កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ៕