កុំចេះតែមើលងាយអ្នកលក់អនឡាញ!ម៉ូលីកា ថែម Range Rover មួយទៀតហើយ តម្លៃ១៥មុឺនដុល្លារ

កុំចេះតែមើលងាយអ្នកលក់អនឡាញ!ម៉ូលីកា ថែម Range Rover មួយទៀតហើយ តម្លៃ១៥មុឺនដុល្លារ

អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ដែលជាម្ចាស់ហាងរក្សាសម្រស់ “ម៉ូលីកា ខូស្មិកទិក”នោះ បានធ្វើឱ្យគេភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារកាលពីថ្ងៃទី២៦ ខែសីហា នាងបានបញ្ចោញរថយន្ត Range Rover ពណ៌ស ដ៏ថ្មីសន្លាងដែលទើបទិញ ហើយស្រីស្រស់ថែមទាំងនាំគូស្នេហ៍ប្រុសសង្ហា ឆានុន ទៅមើលផ្ទះ វីឡាស្កឹមស្កៃទៀតផង។

ទាំងតារាសិល្បៈរួមអាជីព និងអ្នកដែលស្គាល់កញ្ញាម៉ូលីកា និយាយថា ពេលនេះ ម៉ូលីកា មានទ្រព្យកាន់តែកើនឡើងយ៉ាងរហ័សស្ទើរមិនគួរឱ្យជឿឡើយ ហើយនៅឆ្នាំ២០១៩នេះ ជាឆ្នាំដែលនាងមានរាសីឡើងខ្ពស់ត្រដែតតែម្តង ព្រោះជោគជ័យទាំងមុខជំនួញ អាចទិញរថយន្តក្នុងក្តីស្រមៃរបស់នាងបាន ហើយចំណងស្នេហាក៏វិលមករកភាពផ្អែមល្ហែមដូចដើមទៀតផង បន្ទាប់ពីមានរឿងរកាំរកូសខ្លះអស់មួយរយៈ។

យ៉ាងណា នៅពេលដែលទាក់ទងតាមទូរស័ព្ទ ម៉ូលីកា ថា នាងមិនចង់និយាយរឿងរថយន្តថ្មីនោះទេ ព្រោះខ្លាចគេថា នាងអួត ហើយថាឱ្យអ្នកកាសែតឃើញម៉េចថាចឹងទៅ។

ក្រោយមក ប្អូនស្រីម៉ូលីកា បាននិយាយទូរស័ព្ទជំនួសវិញម្តង ដោយនាងអះអាងថា ម៉ូលីកា បានទិញរថយន្តទំនើបម៉ាក Range Rover នោះ ស៊េរីឆ្នាំ២០១៥ ដែលមានតម្លៃជិត១៥ម៉ឺនដុល្លារ។

នាងបន្តថា ឡានថ្មីនេះ គឺម៉ូលីកា ទិញថែមរថយន្តដែលមានស្រាប់ ម៉ាក Lexus RX 450h ដែលមានតម្លៃជាង៧ម៉ឺនដុល្លារ ហើយបងស្រីនាងនឹងជិះរថយន្តទំនើបទាំង២គ្រឿងឆ្លាស់គ្នា។

អ្នកយកព័ត៌មានយើងបានឆាតសួរតាមហ្វេសប៊ុកទៅកញ្ញាម៉ូលីកា រឿងទិញរថយន្តថ្មី ហើយដើររកទិញផ្ទះវីឡានោះ តែនាងថា ឡានទិញបានមែន ប៉ុន្តែផ្ទះវីឡាមិនទាន់ទិញបានទេ ហើយគ្រាន់តែដើរមើលសិនប៉ុណ្ណោះ។

តាមរយៈការលេងម៉ូដរថយន្តទំនើបទាំង២គ្រឿងរបស់ម៉ូលីកា គឺ Lexus RX 450h និង Range Rover នេះ បញ្ជាក់ថា ស្រីស្រស់រូបនេះចំណាយលុយដល់ទៅជាង២២ម៉ឺនដុល្លារទៅហើយ ដែលធ្វើឱ្យតារានិងម្ចាស់ហាង Cosmetics មួយចំនួនទៀត ពិបាកតាមនាងទាន់។

យ៉ាងណា មហាជនជាច្រើនកាន់តែឆ្ងល់ថា ម៉ូលីកា បានលុយមកពីណាច្រើនម៉្លេះនៅពេលនេះ ? ប៉ុន្តែកន្លងមក នាងធ្លាប់ប្រាប់ថា ទឹកលុយរបស់នាងគឺបានមកពីការរកស៊ីលក់គ្រឿង Cosmetic ជោគជ័យ ហើយថ្មីៗនេះ ផលិតផលរបស់នាងឈ្មោះ Nk Lipstick នឹងពង្រីកទៅដល់ទីផ្សារថៃ ឆាប់ៗនេះទៀតផង។

ក្រៅពី ម៉ូលីកា តារាដែលជិះរថយន្ត Range Rover មានដូចជា យក់ ថឹតរដ្ឋា សុគន្ធ និសា ពេជ្រ សោភា សុខ ពិសី ហ៊ិន ច័ន្ទនីរ័ត្ន ព្រាប សុវត្ថិ និង ខេម ជាដើម។

ដោយឡែក ម៉ូលីកា ដែលផ្តើមពីទុនត្រឹម៣០០ដុល្លារ ពីការលក់ជើងមាន់តាម Online ហើយពេលនេះមានហាងរក្សាសម្រស់តម្លៃ១០ម៉ឺនដុល្លារ និងរថយន្តទំនើប២គ្រឿង ជាង២០ម៉ឺនដុល្លារនោះ នៅតែមិនទាន់កំណត់ថ្ងៃរៀបមង្គលការច្បាស់លាស់ជាមួយលោកឆានុន ឡើយ ក្រោយអ្នកទាំង២ វិលមករកភាពផ្សះផ្សាស្នេហាជាថ្មីដូចដើមនេះ ដោយនាងថា អាចនៅឆ្នាំ២០២០ឬ២០២១។