នាយចឺម អាណិតនាយតាក់ស៊ី ក្រោយលែងលះនាងភីម

នាយចឺម អាណិតនាយតាក់ស៊ី ក្រោយលែងលះនាងភីម

តារាចម្រៀងសុខ មេសា ហៅនាយចឺម បានសម្តែងការអាណិតអាសូរចំពោះតារាកំប្លែងនាយតាក់ស៊ី យ៉ាងខ្លាំង ក្រោយពីលាចាកសិក្ខាបទកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ មក ពេលនេះលោកប៉ុល សារឿង គ្មានសល់អ្វីទេ គឺមានតែមួយខ្លួន ហើយចាប់ផ្តើមសាជាថ្មីឡើងវិញប៉ុណ្ណោះ។
យ៉ាងណា នាយចឺម មិនមើលការលំបាករបស់នាយតាក់ស៊ី តែនឹងភ្នែកទេ គឺនាយបានទទួលយកនាយចឺម ឱ្យមករស់នៅផ្ទះជាមួយគ្នា ហើយនិងជួយផ្តល់កម្លាំងចិត្ត និងទំនុកបម្រុងនៅពេលដែលតារាកំប្លែងរូបនេះ កំពុងជួបបញ្ហាជីវភាពលំបាកទៀតផង។
នាយចឺម ថ្លែងថា “ពីមុន បងតាក់ស៊ី គាត់មានប្រពន្ធកូន មានឡានជិះ និងផ្ទះនៅ តែឥឡូវគាត់គ្មានរបស់ទាំងអស់ហ្នឹងទៀតទេ។ និយាយទៅ គាត់មានតែមួយខ្លួន ហើយចាប់ផ្តើមសាជាថ្មី ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអីគាត់និងប្រពន្ធគាត់ បងភីម បែកគ្នាហ្នឹងទេ ព្រោះចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ ខ្ញុំមានតែអាណិតបងតាក់ស៊ី ហើយឥឡូវគាត់ស្នាក់នៅផ្ទះជាមួយខ្ញុំ។ ខ្ញុំបានផ្តល់កម្លាំងចិត្តដល់គាត់ និងបានជួយខ្លះៗទៅតាមលទ្ធភាព។ ខ្ញុំធ្លាប់សម្តែងកំប្លែងជាមួយគាត់ច្រើនឆ្នាំដែរ អ៊ីចឹងខ្ញុំគិតថា បងតាក់ស៊ី នៅតែមានសមត្ថភាពលេងកំប្លែងបានដូចមុន ហើយខ្ញុំស្រលាញ់ចូលចិត្តគាត់ណាស់។ សម្រាប់ខ្ញុំនៅតែស្រលាញ់អាជីពកំប្លែង គ្រាន់តែឥឡូវយើងមកច្រៀងគ្មានពេលទៅលេងកំប្លែងបានដូចមុន”។
នាយចឺម ថា ពេលដែលនាយតាក់ស៊ី សម្រេចចិត្តចូលសាងផ្នួសនោះ នាយស្តាយនូវសមត្ថភាពកំប្លែងរបស់លោកតាក់ស៊ី ខ្លាំងណាស់ ព្រោះមិនចង់បាត់បង់គាត់ក្នុងក្រុមកំប្លែង ហើយនាយតាក់ស៊ី សម្តែងជាតួមនុស្សចាស់សមណាស់។
នាយចឺម បន្ថែមថា“បងតាក់ស៊ី មកលេងកំប្លែងវិញនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះអីខ្ញុំមិនចង់ឱ្យបាត់បង់គាត់ពីក្រុមកំប្លែងទេ។ គាត់លេងតួចាស់អីសមណាស់។ ប៉ុន្តែខ្ញុំអាណិតនៅពេលនេះគាត់គ្មានសល់អីទៀតនោះ”។