លំបាកតិចតួច កុំទាន់រអ៊ូ! មកស្តាប់រឿងរ៉ាវ ស្រ្តីម្នាក់បង្កើតកូន ៤៤នាក់ ទើបដឹងថាយ៉ាងណា

លំបាកតិចតួច កុំទាន់រអ៊ូ! មកស្តាប់រឿងរ៉ាវ ស្រ្តីម្នាក់បង្កើតកូន ៤៤នាក់ ទើបដឹងថាយ៉ាងណា

ជួនកាល ឪពុកម្ដាយ​វ័យក្មេង​បច្ចុប្បន្ន​ពិបាក​នឹង​មើល​ថែរក្សា​កូន​របស់​ខ្លួន ត្រឹម​ម្នាក់ ឬ២នាក់​ណាស់។ ប៉ុន្តែ​ស្ត្រី​វ័យ​៣៩ឆ្នាំ មក​ពី​ប្រទេស​អ៊ូហ្គាន់ដា (Uganda) បាន​បង្កើត​កូន​រហូត​ដល់​ទៅ ៤៤នាក់ ប៉ុន្តែ​បាន​ស្លាប់​អស់ ៦នាក់ នៅ​សល់​សរុប ៣៨នាក់ កំពុង​រស់នៅ​ក្រោម​ដំបូល​តែមួយ។

ស្ត្រី​ខាងលើ​នេះ​មាន​ឈ្មោះ​ថា Mariam Nabatanzi។ នៅ​អាយុ​១៣ឆ្នាំ គ្រួសារ​របស់​អ្នក​ស្រី បាន​លក់​អ្នក​ស្រី​ឲ្យ​ទៅ​បុរស​មាន​អាយុ​ចាស់​ជាង ២៧ឆ្នាំ។ ពួកគេ​ហៅ​វា​ថា​ជា «មង្គលការ» ប៉ុន្តែ​អ្នកស្រី Mariam នៅ​ពេល​នោះ មិន​បាន​ដឹង​ថា​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ មួយ​ឆ្នាំ​ក្រោយ​មក អ្នកស្រី​ក៏​បង្កើត​បាន​កូនភ្លោះ ២នាក់​ដំបូង , មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ក៏​បង្កើត​បាន​កូន​ភ្លោះ ៣នាក់ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ក៏​បង្កើត​បាន​កូន​ភ្លោះ ៤នាក់។

រហូត​ដល់​មាន​កូន ២៣នាក់ ទើប​អ្នកស្រី​សម្រេចចិត្ត​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​វិធី​ការពារ​ណា​មួយ មិន​ឲ្យ​មាន​កូន​បន្ត​ទៀត។ ផ្ទុយទៅវិញ ក្រោយ​ធ្វើ​ការ​វិនិច្ឆ័យ​រួច គ្រូពេទ្យ​បាន​ឆ្លើយ​តប​វិញ​ថា អ្នកស្រី​មាន​ចំនួន​អូវុល​ខ្ពស់ ហើយ​ការ​ការពារ​នឹង​ធ្វើ​ឲ្យ​សុខភាព ក៏​ដូច​ជា​ជីវិត​អ្នកស្រី​ស្ថិត​ក្នុង​គ្រោះថ្នាក់។

បច្ចុប្បន្ន​អ្នកស្រី Mariam បាន​បង្កើត​កូន​សរុប​ចំនួន ៤៤នាក់ ក្នុង​នោះ​រួមមាន កូនភ្លោះ ២នាក់ ចំនួន៦ដង, កូនភ្លោះ ៣នាក់ ចំនួន៤ដង, កូនភ្លោះ ៤នាក់ ចំនួន៣ដង និង កូន​ទោល​ចំនួន ២នាក់។ ចំណែក​ឯ​កូន ៦នាក់​ទៀត​បាន​ស្លាប់។ អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី​គ្មាន​ការ​សោកស្ដាយ​ឡើយ ហើយ​ការ​ដែល​មាន​កូន​ច្រើន​បែប​នេះ គឺ​ជា​ពរជ័យ​ពី​ព្រះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី​បាន​ជួប​នឹង​បញ្ហា​ធំ​មួយ ដោយសារតែ​ប្ដី​អ្នក​ស្រី​តែងតែ​គេចវេះ ជួន​កាល​ច្រើន​ខែ និង​ជួនកាល​ច្រើន​ឆ្នាំ​ទៀត​ផង។ បុរស​ជា​ប្ដី​រូប​នោះ​មិន​ដែល​មក​ជួយ​ចិញ្ចឹម​កូន​ឡើយ ដោយ​គ្រាន់តែ​ដាក់​ឈ្មោះ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ ហើយ​មាន​ពេលខ្លះ បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​តាម​ទូរសព្ទ​ទៀត​ផង។

កូនប្រុស​ច្បង​របស់​អ្នកស្រី Mariam អាយុ២៣ឆ្នាំ បាន​និយាយ​ថា គេ​មិន​បាន​ឃើញ​មុខ​ឪពុក​តាំង​ពី​អាយុ ១៣ឆ្នាំ​មក​ម្ល៉េះ។ ប៉ុន្តែ​អ្នកស្រី​មិន​ត្អូញត្អែរ​អំពី​រឿង​នេះ​ឡើយ ព្រោះ​អ្នកស្រី​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ផ្ដល់​សេចក្ដី​ស្រលាញ់ និង​ការ​ថែទាំ​ដល់​កូនៗ​របស់​ខ្លួន។

អាហារ គឺ​ជា​ការ​ចំណាយ​ធំ​បំផុត​សម្រាប់​គ្រួសារ​ដ៏​ធំ​មួយ​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ ពួកគេ​ត្រូវការ ម្សៅពោត ១០គីឡូក្រាម, សណ្ដែក ៧គីឡូក្រាម និង ស្ករស ៤គីឡូក្រាម។ ដើម្បី​ទូទាត់​ការ​ចំណាយ​ទាំង​អស់​នេះ អ្នកស្រី Mariam បាន​រៀន​ជំនាញ​ជា​ច្រើន ដូចជា បេះ​ផ្កា​លក់, ធ្វើ​នំ​ខេក, រៀប​ឥដ្ឋ, ក្រង​សក់, រៀបចំ និង​ដេគ័រ​កម្មវិធី ព្រមទាំង​ធ្វើ​ម៉ូដ​សក់​សម្រាប់​កូន​ក្រមុំ​ទៀត​ផង។

យ៉ាងណាក៏ដោយ កូនៗ​របស់​អ្នក​ស្រី​ទាំង​អស់ សុទ្ធតែ​ទទួល​បាន​ការ​អប់រំ​រៀន​សូត្រ។ កូនភ្លោះ ២នាក់​ដំបូង​របស់​អ្នកស្រី បាន​ក្លាយ​ជា​គិលានុបដ្ឋាយិកា ហើយ​ម្នាក់​ទៀត​ក្លាយ​ជា​អ្នក​សាងសង់៕