ចែកាអត់ខ្វល់អ្នកណាថាជោរតាមគ្នា! ជួយឧបត្ថម្ភ៥០០ដុល្លារ ដល់តារាកម្សត់លៀង ចាន់ឡា!

ចែកាអត់ខ្វល់អ្នកណាថាជោរតាមគ្នា! ជួយឧបត្ថម្ភ៥០០ដុល្លារ ដល់តារាកម្សត់លៀង ចាន់ឡា!

ដោយសារផ្ទុះការអាណិតតាមបណ្ដាញសង្គមហ្វេសប៊ុកទៅលើតារាចម្រៀងកម្សត់ លៀង ចាន់ឡា ដែលមានជីវភាពខ្វះខាតក្រលំបាក គ្មានសម្លៀកបំពាក់ស្អាតៗ និងគ្រឿងអលង្ការពាក់ដូចគេហើយ សូម្បីតែឡើងឆាកមិនហ៊ានឈរជិតមិត្តរួមក្រុមនោះ ពេលនេះអតីតតារាចម្រៀងផលិតកម្ម Rock កញ្ញ្ញាម៉ូលីកា ដែលធ្លាប់មានប្រវត្តិកម្សត់ដែរនោះ បានចេញមុខជួយឧបត្ថម្ភដល់កញ្ញាលៀង ចាន់ឡា បេក្ខភាព X Factor Cambodia រដូវកាលទី១នេះ នូវទឹកប្រាក់ចំនួន៥០០ដុល្លារ ដើម្បីសម្រាលដល់ជីវភាពលំបាកដល់តារាចម្រៀងរូបនេះបានខ្លះៗ។
ម៉ូលីកា ដែលជាម្ចាស់ហាង ម៉ូលីកា ខូស្មិកទិក បានថ្លែងសារទៅកាន់កញ្ញាលៀង ចាន់ឡា ថា ”បងចង់ជួយថវិកាតិចតួច 500$ សម្រាប់ទុកក្នុងខ្លួនចាយវាយប្រចាំថ្ងៃ និងទុកប្រើទិញរបស់របរចាំបាច់ពេលឡើងច្រៀង។ ប្អូនអាចមកយកនៅហាងបងបាន ឬ 093 217 777”។
ម៉ូលីកា ប្រាប់ថា ប្រាក់ទាំងនោះជាការលើកទឹកចិត្តដែលនាងចង់ជួយដោយស្មោះទៅលើកញ្ញាលៀង ចាន់ណា ព្រោះតែនាងចង់ជួយជំរុញក្ដីស្រមៃរបស់បេក្ខភាពរូបនេះ ដើម្បីឲ្យនាងបានសម្រេចគោលដៅ ហើយមានលទ្ធភាពជួយក្រុមគ្រួសាររបស់គេនៅថ្ងៃក្រោយ គឺនាងមានតែផ្ដល់កំលាំងចិត្តឲ្យចាន់ឡា ប្រឹងប្រែងតទៅទៀត។
កញ្ញាលៀង ចាន់ឡា
គួររំលឹកថា ម៉ូលីកា មុនក្លាយទៅជាម្ចាស់ហាងដែលបោះទុនដល់ទៅ១០ម៉ឺនដុល្លារនេះ អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ធ្លាប់និយាយប្រវត្តិកម្សត់ថា នាងជាក្មេងកំព្រាដែលរស់នៅជាមួយជីដូន ហើយនៅពេលដែលនាងចង់ចូលសិល្បៈ ត្រូវសាច់ញាត្តិមួយចំនួនរារាំង និងមើលងាយថា បើនាងចូលសិល្បៈ គឺមានតែទៅធ្វើជា (សំផឹង) ទៀតផង។
ប៉ុន្ដែរលោកយាយកម្សត់របស់នាងបានអនុញាតឲ្យនាងចូលលេងសិល្បៈ ហើយនាងមានឱកាសបានច្រៀងនៅផលិតកម្ម Rock។ នាងច្រៀងបណ្ដើរ ឆ្លៀតរកស៊ីលក់ជ្រក់ជើងមាន់បណ្ដើរ ដោយផ្ដើមទុនពីប្រាក់តែ៣០០ដុល្លារប៉ុណ្ណោះ ហើយពេលនេះឈានទៅសម្រេចបំណងធំ តាមរយៈការបើកហាង Cosmetic ដែលដាក់ទុនដល់ទៅ១០ម៉ឺនដុល្លារ។
ម៉ូលីកា ថា ជីវិតយើងត្រូវតែតស៊ូទើបឈានទៅដល់គោលដៅ ហើយក្នុងនោះនាងជំរុញលើកទឹកចិត្តឲ្យកញ្ញាលៀង ចាន់ឡា ប្រឹងប្រែងតស៊ូថែមទៀត និងធ្វើឲ្យបានល្អពេលឡើងច្រៀងលើឆាកផងដែរ។