មន្ទីរជំនាញកំពង់ឆ្នាំងប្រាប់ពលរដ្ឋឲ្យជួយទប់ស្កាត់រថយន្តធំៗដើម្បីការពារកុំឲ្យខូចផ្លូវ!

មន្ទីរជំនាញកំពង់ឆ្នាំងប្រាប់ពលរដ្ឋឲ្យជួយទប់ស្កាត់រថយន្តធំៗដើម្បីការពារកុំឲ្យខូចផ្លូវ!

ភ្លៀង​ធំៗ​ជា​បន្តបន្ទាប់​នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះ គេ​ពិនិត្យឃើញថា ​ក្នុង​ពេលនេះ នៅតាម​ផ្លូវលំ ផ្លូវ​កៅស៊ូ និង​ផ្លូវ​ជាតិ​នៅក្នុង​មូល​ដាន​មួយចំនួន កំពុង​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ហូរ​កាត់​ផ្លូវ ជាហេតុ​ធ្វើឲ្យ​ផ្លូវ​ទាំង​នោះ​បាក់ស្រុត​ខូចខាត អាជ្ញាធរ ​និង​មន្ទីរ​ជំនាញ​ សំណូមពរ​ប្រជាពលរដ្ឋ​ជួយ​ទប់ស្កាត់​រថយន្ត​ធំៗ ដែល​ដឹក​លើស​ទម្ងន់​បើក​ឆ្លងកាត់​តំបន់​ដែលមាន​ទឹក​លិច​ផ្លូវ ដើម្បី​ជួយ​ការពារ​ផ្លូវ​ដែល​ជា​សរសៃឈាម​របស់​យើងទាំងអស់គ្នា បាន​រឹងមាំ​ដែល​អាច​ប្រើប្រាស់​យូរអង្វែង។
នៅ​ព្រឹក​ថ្ងៃទី​២៣​កញ្ញា លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ឆ្នាំង ក្នុង​ពិធី​កាន់បិណ្ឌ​ទី​១០​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ជួសជុល ឬ​កសាង ផ្លូវលំ ផ្លូវ​កៅស៊ូ នៅក្នុង​មូលដ្ឋាន ភូមិ ឃុំ ស្រុក គឺជា​តួនាទី​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ​សង្កាត់ ដែល​ក្រសួង​ហិរញ្ញវត្ថុ​បាន​ទម្លាក់​កញ្ចប់​ថវិកា​ឲ្យ​ប្រចាំ​ឆ្នាំ សម្រាប់​ថែទាំ និង​ជួសជុល​ផ្លូវ​នៅក្នុង​មូលដ្ឋាន។
លោក​ប្រធាន​មន្ទីរ​សាធារណការ បាន​បញ្ជាក់​ទៀតថា​ ដោយឡែក មន្ទីរ​សាធារណការ​ខេត្ត​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ក្រសួង​បាន​ទម្លាក់​ថវិកា​ឲ្យ​សម្រាប់​ថែទាំ និង​ជួសជុល តែ​ផ្លូវជាតិ​ដែលមាន​លេខ​តែប៉ុណ្ណោះ ហេតុនេះ​សូម​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប ប៉ុន្តែ​ទោះបី​មន្ទីរ​សាធារណការ​មាន​ភារកិច្ច​ដូចខាងលើ​នេះ​ក៏ដោយ ក៏​កន្លងមក​តាម​សំណើ​របស់​អាជ្ញាធរ​ស្រុក​ និង ខេត្ត​ ក៏​មន្ទីរ​សាធារណការ​បាន​ជួយ​ជួសជុល​ផ្លូវលំ ផ្លូវ​កៅស៊ូ ឬ​ស្តារ​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ផង​ដែរ ទៅ​តាម​លទ្ធភាព​ដែល​មន្ទីរ​សាធារណការ​ខេត្ត អាច​ធ្វើ​ទៅបាន។