ឃាត់ខ្លួន​បុរស​ម្នាក់ ដើរ​លួច​អំ​ពូ​ល​ភ្លើង​ហ្វា​​បំភ្លឺ​សួនច្បារ​សាធារណៈ!

ឃាត់ខ្លួន​បុរស​ម្នាក់ ដើរ​លួច​អំ​ពូ​ល​ភ្លើង​ហ្វា​​បំភ្លឺ​សួនច្បារ​សាធារណៈ!

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពី​បទ​លួច​អំ​ពូ​ល​ភ្លើង​ហ្វា​បំភ្លឺ​សួន​សាធារណៈ នៅ​ចំណុច​មុខ​ក្រសួងការពារជាតិ ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡុ​ង សេនា​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ឃាត់ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ករណី​លួច​អំ​ពូ​ល​ភ្លើង​ហ្វា​បំភ្លឺ​សួន​សាធារណៈ ពេល​សួ​នាំ​ក៏​បានដឹង​ថា ជន​នេះ​ធ្លាប់​ជាប់គុក​៥​ឆ្នាំ ម្តង​រួច​មក​ហើយ​ករណី​បង្ក​របួស​ស្នាម ។​
​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក បាន​ធ្វើការ​ល្បាត ក្នុងភូមិ​សាស្ត្រ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី លុះ​មក​ដល់​ចំណុច​សួនច្បារ​មុខ​ក្រសួងការពារជាតិ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃើញ​ជនសង្ស័យ កំពុង​កាន់​អំ​ពូ​ល​ភ្លើង​ហ្វា​បំភ្លឺ​សួនច្បារ​សាធារណៈនៅ​នឹង​ដៃ ដើរ​ឆ្លងផ្លូវ ភ្លាម​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ។ វត្ថុ​តាង​ចាប់​យក ៖
-​អំ​ពូ​ល​ភ្លើង​ហ្វា ម៉ាក​IP66-200w ពណ៌​ខ្មៅ ទំហំ​២៥cm×៣៥cm មួយ​គ្រាប់​។​
-​កូនសោ​ដោះ​លេខ​១២ ម៉ាក​THC មួយ​ដើម​។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ បាន​សារភាព​ថា អំ​ពូ​ល​ភ្លើង​ហ្វា​នោះ ខ្លួន​បាន​លួច​ដោះ​ពីលើ​សួនច្បារ​សាធារណៈមុខ​ក្រសួងការពារជាតិ ។​

​តាម​ការ​ធ្វើតេស្ត ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី។