ពិតជាមានមោទនភាពណាស់!មាស សុខសោភាត្រៀមលើកទង់ជាតិខ្មែរនៅលើឆាកប្រទេសកូរ៉េ ច្រៀងរួមជាមួយក្រុម K-POP!

ពិតជាមានមោទនភាពណាស់!មាស សុខសោភាត្រៀមលើកទង់ជាតិខ្មែរនៅលើឆាកប្រទេសកូរ៉េ ច្រៀងរួមជាមួយក្រុម K-POP!

មាស សុខសោភា ថានាងមានមោទនភាពខ្លាំងនៅពេលដែលត្រូវចេញទៅច្រៀងសម្តែងជាលក្ខណៈថ្នាក់ជាតិជាលើកដំបូងនៅប្រទេសកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធី ASEAN FANTASIA។ ចំពោះអារម្មណ៍វិញមិនដឹងជារកពាក្យអ្វីនិយាយបានទេ ព្រោះវេទិការនោះធំណាស់​ ហើយមានតារាជាច្រើនប្រទេសចូលរួម​ ក្នុងនោះមាន​តារា​​ K-pop ល្បីៗជាច្រើនដួងផងដែរ។
ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មាស សុខសោភា បានឱ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីដ៍អស្ចារ្យនោះ ដែលក្នុងនោះនាងត្រូវច្រៀងបទចម្រៀងទោលម្នាក់ឯង៣បទ និងបទរួមគ្នាជាមួយតារាចម្រៀងបណ្តាប្រទេសអាស៊ានផ្សេងៗទៀត១បទផងដែរ។
សោភា វាចាថា “ខ្ញុំមានមោទនភាពខ្លាំងណាស់ព្រោះកម្មវិធីនោះជាវេទិកាថ្នាក់ជាតិដែលតារាមកពីប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គេទៅតំណាងប្រទេសគេនីមួយៗដូចយើងដែរ។ សម្រាប់ខ្ញុំបានត្រៀមចម្រៀងដែលត្រូវឡើងយកទៅបកស្រាយមាន៣បទ ដូចជាបទ “Dance Today” “Everywhere Together” “ម្នាក់ឯងមិនស្លាប់ទេ” និងបទរួមគ្នាជាមួយតារា K-POP និងតារាមកពីប្រទេសអាស៊ានទាំងអស់គឺបទជាភាសាអង់គ្លេស “Site By Site”។
សោភាក បន្តថា “នេះជាលើកទី១សម្រាប់ខ្ញុំក្នុងការចេញទៅច្រៀងថ្នាក់ជាតិតំណាងកម្ពុជា ហើយខ្ញុំត្រូវបានអ្នករៀបចំកម្មវិធីនៅកូរ៉េ គាត់អញ្ជើញយើងទៅ។ ប៉ុន្តែខ្ញុំមិនបានយកក្រុមរាំទៅជាមួយទេ គ្រាន់តែបទចម្រៀងយើងបានត្រៀមអស់ហើយ”។
ក្រៅពីមាស សុខសោភា តារាចម្រៀងដែលធ្លាប់ចេញទៅច្រៀងវេទិកាអាស៊ាន តំណាងឱ្យប្រទេសកម្ពុជា ញឹកជាងគេ គឺលោកព្រាប សុវត្ថិ ដូចជាកាលពីឆ្នាំមុន លោកបានចេញទៅច្រៀងនៅជប៉ុន ជាដើម។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ មាស សុខសោភា ដែលមានកេរ្តិ៍ឈ្មោះល្បីដល់កំពូលដែរនោះ ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសឱ្យចេញទៅម្តង ហើយកេរ្តិ៍ឈ្មោះរបស់នាងពិតជាស័ក្តិសមក្នុងវេទិកា ASIAN FATASIA នោះ។
មាស សុខសោភា បន្ថែមថា “ខ្ញុំគិតថា ឆ្នាំក្រោយៗយើងនឹងធ្វើជាម្ចាស់ផ្ទះវិញម្តង ហើយពេលនោះ តារាចម្រៀងមកពីប្រទេសផ្សេងៗ គេនឹងមកយើងវិញ។ ខ្ញុំនឹងត្រៀមខ្លួនឱ្យបានល្អសម្រាប់វេទិកាដ៏អស្ចារ្យនោះ”។
ក្រៅពីមាស សុខសោភា ដែលតំណាងឱ្យកម្ពុជានោះ មានតារាល្បីៗមកពីប្រទេសផ្សេងក្នុងតំបន់អាស៊ាន ក្រុមចម្រៀង K-POP ពិសេសក៏មានវត្តមានម្ចាស់បទ “Gangnam Style” លោក PSY ផងដែរ ដែលព្រឹត្តិការណ៍ ASIAN FATASIA នោះនឹងរៀបចំនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឆាងវ៉ុន ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា មាស សុខសោភា បានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា ជិត៦ខែ ទើបវិលវិញកាលពីពេលថ្មីៗនេះ ដូចនេះឱ្យនាងធ្វើបទចម្រៀងថ្មីៗមិនទាន់ឡើយសម្រាប់ការច្រៀងបណ្តា ការប្រគំតន្ត្រីនៅរដូវក្តៅ ២០១៩-២០២០ នេះ ដូចជាពេលថ្មីៗនេះ សោភា ឡើងឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ នាងបានលើកយកបទចាស់ល្បីៗមកច្រៀងឡើងវិញខ្លះ និងបទថ្មីខ្លះ ដូចជាបទ“ខ្យល់” “ខ្ញុំកំពុងឈឺ” “Do Not Go” និងបទ “My Only Me”។
តារាចម្រៀងថោន និង Camtrax រូបនេះ បន្ថែមថា “ខ្ញុំទៅកាណាដា តែជាង៤ខែទេ។ ឥឡូវមកដល់ស្រុកវិញធ្វើបទថ្មីមិនទាន់មែន ប៉ុន្តែយើងអាចយកបទល្បីៗពីមុនមកច្រៀង Remix ឡើងវិញ អាចប្លែកដែរ។ សម្រាប់ឆ្នាំ នេះ Concert តាមខេត្តមិនសូវមានច្រើនដូចមុនទេ ប៉ុន្តែកម្មវិធីសម្ពោធក្រុមហ៊ុននិងច្រៀងកម្មវិធីផ្សេងក្នុងទីក្រុងអីមានជាហូរហែជាធម្មតាទេ”។
មាស សុខសោភា នៅតែមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ជាមួយគូស្នេហ៍ លោកអ៊ឹត រ៉ាដា ឡើយ បន្ទាប់ពីពួកគេស្វែងយល់ចិត្តគ្នា១១ឆ្នាំមក។ យ៉ាងណា ទស្សនិកជនជឿជាក់ថា សោភា នឹងរៀបការផ្អើលមេឃនាពេលខាងមុខ ដូចឱក សុគន្ធកញ្ញា ជាមិនខាន។