គូព្រេងមកដល់ហើយ! កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បង្ហើបគម្រោងមង្គលការជាមួយអាណិកជនខ្មែរនៅប្រទេសបារាំង និងនាំកូនៗទៅរស់នៅទីនោះ

គូព្រេងមកដល់ហើយ! កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បង្ហើបគម្រោងមង្គលការជាមួយអាណិកជនខ្មែរនៅប្រទេសបារាំង និងនាំកូនៗទៅរស់នៅទីនោះ

រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានសម្រេចចិត្តទម្លាយអាថ៌កំបាំងក្នុងបេះដូងថា អ្នកនាងគ្រោងរៀបចំពិធីជប់លៀងមង្គលការតូចល្មមមួយជាមួយអាណិកជនម្នាក់នៅប្រទេសបារាំង ហើយអ្វីដែលសំខាន់កូនៗរបស់នាង ក៏គ្រោងចេញទៅរស់នៅ និងសិក្សាបន្តនៅប្រទេសបារាំងផងដែរ។
អ្នកនាងម៉េង កែវពេជ្ជតា បានឲ្យដឹងថា អ្នកក្នុងចង្កោមសិល្បៈ ក៏ធ្លាប់បានឃើញ និងបានស្គាល់គូស្នេហ៍របស់អ្នកនាង កាលពេលធ្វើដំណើរមកពីប្រទេសបារាំងចូលរួមពិធីបុណ្យកត្តញ្ញូកាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយថានៅប្រទេសបារាំងក៏មានគេដឹងឮច្រើនដែរ ប៉ុន្តែនាងក៏មិនបង្ហាញមុខជាសាធារណៈនោះទេ ព្រោះតែនេះជាជីវិតឯកជនរបស់អនាគតស្វាមី។
អ្នកនាងម៉េង កែវពេជ្ជតា បានឲ្យដឹងបន្តថា អ្នកនាងមិនមានអ្វីត្រូវអួតអាងនោះដែរ ព្រោះនាងនិងក្រុមគ្រួសារចូលចិត្តជីវិតបែបសាមញ្ញ។ ទោះជាយ៉ាងណាប្រសិនបើមានពេលវេលាគ្រប់គ្រាន់ នាងនឹងរៀបចំពិធីជប់លៀងមួយដែលអាចអញ្ជើញតែភ្ញៀវកិត្តិយស ដែលស្រលាញ់រាប់អានគ្នាប៉ុណ្ណោះ។
អ្នកនាងម៉េង កែវពេជ្ជតា បញ្ជាក់ដែរថា មិនត្រឹមតែរៀបចំធ្វើនៅភ្នំពេញនោះទេ អ្នកនាងក៏គ្រោងរៀបចំពិធីជប់លៀងមួយសមល្មមនៅប្រទេសបារាំង ផងដែរ។ ទោះជាយ៉ាងណាអ្នកនាងមិនបានចាត់ទុកកម្មវិធីជប់លៀងមង្គលការជាសំខាន់ទេ ព្រោះកន្លងមកនាងក៏ធ្លាប់ឆ្លងកាត់ពិធីមង្គលការក្រោមការចូលរួមពីភ្ញៀវកិត្តិយស និងនៅទីកន្លែងដែលល្អរួចហើយ ។ អ្វីដែលនាងចង់បាន គឺរស់នៅមានសេចក្តីសុខ ចុះសម្រុងគ្នា។
អ្នកនាងម៉េង កែវពេជ្ជតា បញ្ជាក់បន្ថែមថា កូនច្បងរបស់អ្នកនាង ឈ្មោះម៉េង ពេជ្ររតនៈ មានវ័យជិត១៤ឆ្នាំហើយ ឯកូនស្រី ឈ្មោះ ម៉េង ពេជ្ជតាសង្វាពេជ្រ មានវ័យ១០ឆ្នាំ កំពុងសិក្សាភាសាអង់គ្លេស និងបន្ថែមភាសាបារាំង ដើម្បីត្រៀមចូលធ្វើតេស្តមុនពេលចូលសិក្សានៅប្រទេសបារាំង ព្រោះនៅពេលអនាគតស្វាមីមានលទ្ធភាពក្នុងការធានាអ្នកនាង និងកូនៗចេញទៅរស់នៅទីនោះ។