រដ្ឋបាលខេត្តព្រះសីហនុលែងឱ្យមានតូប រោង ឬ ស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាល និង ឆ្នេរអូរត្រេះទៀតហើយ

រដ្ឋបាលខេត្តព្រះសីហនុលែងឱ្យមានតូប រោង ឬ ស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាល និង ឆ្នេរអូរត្រេះទៀតហើយ

ចាប់ពីពេលនេះតទៅ រដ្ឋបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាល និង ឆ្នេរអូរត្រេះ( អូរត្រេះ១ និង អូរត្រេះ២ )ទៀតឡើយ ។ ដោយរដ្ឋបាលខេត្តបានដាក់កំហិតឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ ត្រូវរុះរើតូប រោង ឬ ស្តង់លក់ដូររបស់ខ្លួនចេញ បើពុំនោះទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារះ ឬ បាត់បង់ ទ្រព្យសម្បត្តិ របស់បងប្អូនឡើយ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានស្នើសុំកិច្ចសហការពីបងប្អូន ដែលកំពុងបន្តលក់ដូរនៅលើឆ្នេរអូរត្រេះ (អូរត្រេះ ១ និងអូរត្រេះ២) ត្រូវរុះរើតូប រោង និងស្តង់លក់ដូររបស់ខ្លួន ស្របតាមស្មារតីនៃលិខិតជូនដំណឹងលេខ ៤៧៣/ ១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ ទ្រព្យសម្បត្តិ របស់បងប្អូនឡើយ។

ហើយរដ្ឋបាលខេត្តនឹងមិនអនុញ្ញាតឱ្យបងប្អូនបន្តលក់ដូរនៅលើឆ្នេរអូរឈើទាល (អតីតអារីស្តុន) និង ឆ្នេរអូរត្រេះ (អូរត្រេះ១ និង អូរត្រេះ២) តទៅទៀតឡើយ ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណះ និង ជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។