ដំណឹងល្អ!ផ្លូវជាតិ ១ ខែ្សនិងស្ពានឆ្លងទន្លេ ៣ ថ្មីស្រឡាង នឹងចូលខ្លួនមកសម្រួលការធ្វើដំណើរនាពេលខាងមុខ!

ដំណឹងល្អ!ផ្លូវជាតិ ១ ខែ្សនិងស្ពានឆ្លងទន្លេ ៣ ថ្មីស្រឡាង នឹងចូលខ្លួនមកសម្រួលការធ្វើដំណើរនាពេលខាងមុខ!

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយក្នុងនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការសាងសង់ ដែលមានទាំងគម្រោងកំពុងដំណើរការសាងសង់ និងគម្រោងគ្រោងទុកទៅថ្ងៃខាងមុខផងដែរ។ ក្នុងនោះ ផ្លូវជាតិ ផ្លូវដែក​ ផ្លូវអាកាស ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេជាដើមត្រូវបានរដ្ឋយកចិត្ដដាក់ក្នុងការសាងសង់ដើម្បីពន្លឿនដល់ការអភិវឌ្ឍប្រទេស។ ខណៈនេះដែរយើងនឹងលើកយកគម្រោងសាងសង់ ផ្លូវជាតិ និងស្ពាន ចំនួន ៤ គម្រោងដែលរដ្ឋាភិបាលបានបង្ហើបកាលពីពេលកន្លងទៅដែលរួមមាន៖
១. ផ្លូវជាតិតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ៤
ក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនាពេលកន្លងទៅ ដោយមានការអញ្ញើញចូលរួមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានថ្លែងពីសក្កានុពលនៃខេត្តកំពតផងដែរ។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលឆ្ពោះមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ ដែលស្ថិតនៅម្ដុំពេជ្យនិល ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេថា ផ្លូវមួយខ្សែនោះមានទីតាំងនៅកន្លែងណា ដោយផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។

២. ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ

ក្នុងកម្មពិធីបុណ្យទន្លេលើកទី៥ កាលពីខែមិនាកន្លងទៅ សម្តេច​​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថា​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប ដែលមាន​ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ​ ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ ។ ចំពោះការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវ​ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ គឺដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន​ ស្ពាននេះមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជា ដែលមានប្រវែងប្រមាណ៣៩០០ ម៉ែត្រ ឆ្លងកាត់ដៃទន្លេទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង គឺទន្លេ​ផ្សារក្រោម, ទន្លេ​ជ្រោយបុស្ស និង​ទន្លេកំពង់ហាវ។

៣. ស្ពានឆ្លងកាត់ទន្លេនៅខេត្ដក្រចេះ

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE អំពីវឌ្ឍនភាពការងាររបស់ក្រសួង កាលពីពេលកន្លងទៅលោក សុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបការសាងសង់ស្ពានចំនួន១ខ្សែដែលមានទីតាំងក្នុងខេត្ដក្រចេះ ដោយនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។

លោកបានបញ្ជាក់បន្ថែមថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។

៤. ស្ពានឆ្លងកាត់ទន្លេរបាសាក់ពីព្រែកប្រាមកកាន់ចាក់អង្រែលើ

នាពេលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហើបគម្រោងសាងសង់ស្ពានថ្មី១ទៀតឆ្លងកាត់ទន្លេបាសាក់ ដែលភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។

ខណៈបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោង និងផលប៉ះពាលដល់ទ្រព្យសម្បតិ្ដប្រជាពលរដ្ឋរួចហើយដែរ។
ប្រភពអត្ថបទ៖ Business Cambodia