ប្រពៃណាស់!លោកអភិបាលស្រុកវ័យក្មេង អនុវត្តបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី យកគំរូតាមសាលាវត្តបូព៌ និងរកជំនួយឧបត្ថម្ភបាន ទូរស័ព្ទ៧០០គ្រឿងជូនសិស្សសាលា, បន្ទប់កុំព្យូទ័របំពាក់កុំព្យូទ័រ៣០គ្រឿង, Tablet ៣គ្រឿង, បំពាក់ Wifi និងកង្ហារគ្រប់បន្ទប់សិក្សា

ប្រពៃណាស់!លោកអភិបាលស្រុកវ័យក្មេង អនុវត្តបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី យកគំរូតាមសាលាវត្តបូព៌ និងរកជំនួយឧបត្ថម្ភបាន ទូរស័ព្ទ៧០០គ្រឿងជូនសិស្សសាលា, បន្ទប់កុំព្យូទ័របំពាក់កុំព្យូទ័រ៣០គ្រឿង, Tablet ៣គ្រឿង, បំពាក់ Wifi និងកង្ហារគ្រប់បន្ទប់សិក្សា

ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រីវ័យក្មេង ឃឹម ហ្វីណង់ បានសម្រេចសាកល្បងផ្ទះមួយអំពូលមួយនៅភូមិព្រះដាក់ ធ្វើឲ្យមានការគាំទ្រជាខ្លាំង ចំនែកពេលនេះវិញ លោកអភិបាលស្រុកកំពុងយកចិត្តទុកដាក់ចង់បង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី ដែលមានការចូលរួមពីលោកគ្រូនាយកសាលាវត្តបូព៌ ពឹង គឹមឆេន ដែលជានាយកសាលាគំរូនៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលបានសរសេររៀបរាប់ថា៖” បំពេញតម្រូវការបឋមរបស់សិស្សនៅក្នុងវិទ្យាល័យបន្ទាយស្រី និងជំនួបប្រជុំលើកទី១ដើម្បីពិភាក្សារៀបចំផែនការជំហានដំបូង ដែលនឹងត្រួសត្រាយផ្លូវទៅកាន់ ”ចក្ខុវិស័យសាលាគំរូប្រចាំស្រុកបន្ទាយស្រី” ដោយមានការចូលរួមពី៤ភាគី៖ រដ្ឋបាលស្រុក គណៈគ្រប់គ្រងសាលា អ្នកជំនាញបច្ចេកទេសអប់រំ និងដៃគូអភិវឌ្ឍន៍។
ដើម្បីអាចចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមនៃការបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី ខ្ញុំបានរៀបចំអោយមានការប្រជុំលើដំបូងរួមគ្នាមួយ ក្នុងគោលបំណងប្រមូលពត៌មានបឋមពីស្ថានភាពបច្ចុប្បន្នរបស់សាលា សិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចជាធ្វើការកំណត់និយមន័យ វិសាលភាព គោលបំណង ទិសដៅ និងសូចនាករសំខាន់ៗនៃចក្ខុវិស័យសាលាគំរូផងដែរ។ ពត៌មានទាំងនេះនឹងក្លាយទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រផ្លូវការដ៏រឹងមាំមួយដើម្បីសម្រេចបានចក្ខុវិស័យនេះ។ ភ្ញៀវកិត្តិយសមួយរូបគឺលោកគ្រូនាយកសាលាវត្តបូព៌ ពឹង គឹមឆេន ដែលជានាយកសាលាគំរូនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានអញ្ជើញមកចូលរួមដើម្បីចែករំលែកបទពិសោធន៍នៅក្នុងកិច្ចប្រជុំនេះដែរ។ ក្នុងនោះក៏មានការអញ្ចើញចូលរួមពី ក្រុមហ៊ុនទូរស័ព្ទ Yes ០១៨ Seatel ក្រុមហ៊ុនផលិតកុំព្យូរទ័រ koompi ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្រុមហ៊ុនផលិតកម្មវិធី Apps គ្រប់គ្រងសាលារៀន Camemis គណៈគ្រប់គ្រងវិទ្យាល័យ លោកប្រធានក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិផងដែរ។
ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ភ្លាមៗរបស់សាលានិងសិស្សានុសិស្ស ក្រុមការងារបានឯកភាពនិងកៀងគរបានជំនួយឧបត្ថម្ភមួយចំនួនដូចជា៖⁃ ទូរស័ព្ទដៃ 4G smartphone ចំនួន៧០០គ្រឿង ព្រមទាំង SIM Card ដែលមានភ្ជាប់ internet រួចជាស្រេច និងដោយមិនគិតថ្លៃរយៈពេល១ខែ ពីក្រុមហ៊ុន Yes 018 Seatel ជូនទៅដល់សិស្សវិទ្យាល័យទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ⁃ បន្ទប់កុំព្យូទ័រ ដែលមានបំពាក់កុំព្យូទ័រ៣០គ្រឿង ពីក្រុមហ៊ុន Koompi ⁃ កុំព្យូទ័រ Tablet ៣គ្រឿងពីក្រុមហ៊ុន Huawei ⁃ ក្រុមហ៊ុន Camemis ទទួលផលិតជូនវិទ្យាល័យបន្ទាយស្រីដោយឥតគិតថ្លៃនូវ Apps កម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រងសាលា ⁃ តម្លើងប្រព័ន្ធ Internet និង WiFi ជូនសាលាទាំងមូលប្រើប្រាស់ដោយឥតគិតថ្លៃ ព្រមទាំងបំពាក់ភ្លើងបំភ្លឺ និងកង្ហារនៅគ្រប់បន្ទប់សិក្សាទាំងអស់តាមសំណូមពររបស់សិស្សានុសិស្ស ⁃ លោកគ្រូនាយកសាលាវត្តបូព៌បានស្ម័គ្រចិត្តទទួលប្រតិភូពីស្រុកបន្ទាយស្រី រួមមានលោកអ្នកគ្រូទាំងអស់ តំណាងមាតាបិតាសិស្ស មេឃុំមេភូមិ អ្នកលក់ដូរក្នុងសាលា ដើម្បីចុះធ្វើកម្មសិក្សានិងស្វែងយល់លម្អិតពីប្រព័ន្ធគ្រប់គ្រងសាលាវត្តបូព៌ ⁃ ទទួលពិនិត្យមើលលទ្ធភាពបង្កើនជំនាញភាសាអង់គ្លេសនិងភាសាចិន ក៏ដូចជាជំនាញកុំព្យូទ័រអោយបានទូលំទូលាយទៅដល់សិស្សទាំងអស់នៅក្នុងសាលា
ជំនួយឧបត្ថម្ភទាំងនេះ មានអត្ថន័យលើសពីការផ្តល់អំណោយខាងផ្នែកសម្ភារៈ។ ផ្ទុយទៅវិញ វានឹងអនុញ្ញាតអោយសិស្សវិទ្យាល័យបន្ទាយស្រីទាំងអស់មានឱកាសផ្សារភ្ជាប់ខ្លួនទៅនឹងប្រព័ន្ធបច្ចេកវិទ្យាពត៌មាន តាមរយៈភាសា កុំព្យូទ័រ និង Internet ដែលនឹងបើកចំហលទ្ធភាពនៃការទទួលបានចំណេះដឹងបានយ៉ាងធំទូលាយ និងកែប្រែជីវិតរបស់ពួកគេលើសពីអ្វីដែលយើងអាចពិពណ៌នាបាន។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមការងារនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានលះបង់ពេលវេលានិងថវិកាប្តេជ្ញាគាំទ្រគម្រោងមួយនេះ ជាពិសេសលោក Yao Yuejin ដែលជាមិត្តភក្តិនិងជាសប្បុរសជនធំជាងគេ ដែលបានរស់នៅនិងស្រលាញ់ជនជាតិកម្ពុជាតាំងពីឆ្នាំ២០០៦ ដែលមានមហិច្ឆិតាចូលរួមចំណែកលើកកម្ពស់គុណអប់រំនិងផ្លាស់អនាគតនៃធនធានមនុស្សនិងយុវជនជំនាន់ថ្មីនៃស្រុកបន្ទាយស្រី។” ប្រភព៖លោកឃឹម ហ្វីណង់