គាំទ្រទេ?ក្រសួងវប្បធម៌ ព្រមានជាថ្មីចំពោះការថតចម្លងតូរ្យតន្ត្រី សិល្បៈ អក្សរសាស្រ្តដែលគ្មានអ្នកទទួលមរតក

គាំទ្រទេ?ក្រសួងវប្បធម៌ ព្រមានជាថ្មីចំពោះការថតចម្លងតូរ្យតន្ត្រី សិល្បៈ អក្សរសាស្រ្តដែលគ្មានអ្នកទទួលមរតក

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានសាជាថ្មី ដោយចាត់ការតាមផ្លូវច្បាប់ ចំពោះអង្គភាពផ្សាយ ក្រុមហ៊ុនផលិតកម្ម សិល្បករ សិល្បការិនី និងបុគ្គលមួយចំនួនក្នុងនិងក្រៅប្រទេស ចំពោះការចម្លងស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬ តូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងបានឱ្យដឹងថា រាល់សកម្មភាពផលិតឡើងវិញ សម្ដែងឡើងវិញ ថតបញ្ចូលជាសោតទស្សន៍ ឬកែប្រែចំណងជើង ខ្លឹមសារដែលធ្វើឱ្យខូចទម្រង់ស្នាដៃដើម ហើយបង្ហោះតាមបណ្ដាញសង្គម Facebook និង YouTube ជាដើម ដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវប្រឈមមុខនឹងច្បាប់ នៃព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។ ទង្វើនេះ គឺជាការរំលោភបំពានលើសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ ដូចចែងក្នុងច្បាប់។
ក្រសួងបន្តថា ការចាត់វិធានការនានា គឺក្នុងគោលបំណងការពារ និងលើកស្ទួយស្នាដៃដើម និងការបង្កើតថ្មីខាងវិស័យវប្បធម៌ ដែលជាផ្នែកមួយក្នុងការជំរុញឧស្សាហកម្មវប្បធម៌នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។ ប្រភពអត្ថបទ៖ MYTVPLUS