លោក putin បញ្ជាឲ្យផ្តល់ប្រាក់រង្វាន់​យ៉ាង​ពិសេស​ដល់​គ្រូពេទ្យជួរមុខដែលកំពុង​ប្រយុទ្ធជាមួ​យវីរុសកូវីដ-១៩

លោក putin បញ្ជាឲ្យផ្តល់ប្រាក់រង្វាន់​យ៉ាង​ពិសេស​ដល់​គ្រូពេទ្យជួរមុខដែលកំពុង​ប្រយុទ្ធជាមួ​យវីរុសកូវីដ-១៩

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបានប្រកាសផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិ​កថែទាំសុខភាពនៅ “ជួរមុខ” នៃការប្រយុទ្ធរបស់ប្រទេសនេះប្រឆាំងនឹងវីរុសកូរ៉ូណា។
លោក Putin បានដាក់បញ្ចូលការចំណាយនេះទៅក្នុងចំណោមវិធានការថ្មីៗមួយចំនួនដើម្បីគាំ​ទ្រដល់ប្រជាជនរុស្ស៊ីក្នុងអំឡុងពេលមានជំងឺរាតត្បាតបន្ទាប់ពីមន្រ្តីសុខាភិបាលបានរាយការណ៍អំពីករណីជំងឺ COVID-19 ថ្មីជាង ១០០០ ករណី។ លោកប្រធានាធិបតីបានជំរុញឲ្យសាធារណជនអត់ធ្មត់ចំពោះការរឹតបន្តឹងនៃការបិទប្រទេស​ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃមេរោគនេះ។
អំឡុងការនិយាយតាមវីដេអូ Call ជាមួយអភិបាលតំបន់ លោកបានទទួលស្គាល់ថា “សម្រាប់​មនុស្សភាគច្រើន ការរស់នៅក្នុងជញ្ជាំងបួនជ្រុងគឺពិបាកនិងវេទនាណាស់។ ការបំបែកភាពទាល់ច្រកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងនឹងអាស្រ័យលើវិន័យនិងការទទួលខុសត្រូវរបស់យើង” ។

លោក Putin បាននិយាយថា នេះជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលប្រ​ទេសនេះដឹងថាការងាររបស់គិលានុបដ្ឋាកយិកានិងវេជ្ជបណ្ឌិតមានសារសំខាន់ខ្លាំងប៉ុណ្ណា។

ស្របពេលជាមួយគ្នានោះ លោកបានសន្យាផ្តល់ប្រាក់១០ពាន់លានរូប (១៣២លានដុល្លារ)សម្រាប់ប្រាក់រង្វាន់ប្រចាំខែដល់បុគ្គលិកថែទាំសុខភាពនៅទូទាំងប្រទេស។

វេជ្ជបណ្ឌិតដែលព្យាបាលអ្នកជំងឺកូរ៉ូណានឹងទទួលបានប្រាក់ ៨០០០០ រូប (១០៥៩ដុល្លារ) បន្ថែមក្នុងមួយខែខណៈគិលានុបដ្ឋាយិកា គ្រូពេទ្យក្នុងរថយន្តសង្គ្រោះបន្ទាន់និងអ្នកបើកបរនឹងទទួលបានប្រាក់ពី ២៥០០០ ទៅ ៥០០០០ រូប។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១១៧៥ករណីដែលធ្វើឲ្យចំនួនសរុបឡើងដល់ទៅ ៨៦៧២ ករណី។ ចំណុចកណ្តាលនៃការផ្ទុះវីរុសនេះគឺទីក្រុងមូស្គូដែលមានចំនួន ៥៨៤១ ករណី។ ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីមានអ្នកស្លាប់ត្រឹមតែ ៦៣ នាក់ប៉ុណ្ណោះ។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី