ត្រឹម ២៤ម៉ោងអាមេរិកមានអ្នកស្លាប់ ៤៥០០នាក់ទៀត ខណៈករណីសរុបឈានដល់ ៦៦ម៉ឺននាក់

ត្រឹម ២៤ម៉ោងអាមេរិកមានអ្នកស្លាប់ ៤៥០០នាក់ទៀត ខណៈករណីសរុបឈានដល់ ៦៦ម៉ឺននាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣២ ៩១៧ នាក់ បើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
ចំនួនអ្នកស្លាប់ថ្មីបានកើនឡើង ៤៤៩១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតតាំងពីមានការផ្ទុះជំងឺនេះមក។

គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកបានកត់ត្រាថាមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣១០៧១ នាក់ ធ្វើឲ្យករណីឆ្លងសរុបឡើងដល់ ៦៦៧៨០០នាក់។

បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែជាដែនដីដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក តាមពីក្រោយដោយប្រទេស​អ៊ីតាលីដែលមានអ្នកស្លាប់ ២២១៧០ នាក់។ បន្តមកគឺប្រទេសអេស្ប៉ាញដែលមានអ្នកស្លាប់ ១៩១៣០ នាក់ និងប្រទេសបារាំងស្លាប់ ១៧៩២០ នាក់។

ញូវយ៉កដែលជាចំណុចកណ្តាលនៃការរីករាលដាល COVID-19 របស់អាមេរិកបានកត់ត្រា​ការស្លាប់ជាង ១២០០០ នាក់នៅទូទាំងរដ្ឋរបស់ខ្លួនតែមួយ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញផែនការមួយចំនួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីបើកដំណើរការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញ ដោយអនុញ្ញាតឱ្យអភិបាលរដ្ឋនីមួយៗ “អនុវត្តវិធីសាស្រ្តដោយប្រុងប្រយ័ត្នដើម្បីបើករដ្ឋនីមួយៗរបស់ខ្លួនឡើងវិញ”។ ប្រភពអត្ថបទ៖ kampucheathmey