មានពាក្យអ្វីអរគុណពួកគាត់ទេ! ក្រុមគ្រូពេទ្យកម្ពុជាអាចព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំង ១២២ នាក់បានហើយ

មានពាក្យអ្វីអរគុណពួកគាត់ទេ! ក្រុមគ្រូពេទ្យកម្ពុជាអាចព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំង ១២២ នាក់បានហើយ

នៅមុននេះបន្ដិច( ព្រឹកថ្ងៃទី១៦​ ខែឧសភាពឆ្នាំ២០២០) ក្រសួងសុខាភិបានបានចេញសេចក្ដីជូនព័ត៌មានស្ដីពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា ករណីវិជ្ជមានជំងឺកូវីដ១៩ ទី១២២ ត្រូវបានព្យាបាលជាសះស្បើយហើយ កាលពីថ្ងៃទី១៥ ខែឧសភា ម្សិលមិញនេះ។ ដូច្នេះសម្រាប់អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវបានព្យាបាលជាស្បះស្បើយ ១០០ ភាគរយហើយ។
អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយចុងក្រោយគេនេះគឺស្ដ្រីជនជាតិខ្មែរ អាយុ៣៦ ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ រូបគាត់ត្រូវបានឯកឧត្ដមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ដក្រសួងសុខាភិបាល សម្រេចបញ្ជូនមកសម្រាកព្យាបាលបន្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ រូបគាត់ត្រូវបានធ្វើតេស្ដទទូលបានលទ្ធផលអវិជ្ជមានចំនួន ០២ ដង ហើយបច្ចុប្បន្នត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតហើយ។
សូមបញ្ជាក់ផងដែរថា អ្នកជំងឺទាំង១២២ នាក់នេះរួមមានជនជាតិចិន ០៣ នាក់ (ស្ដ្រី០២ នាក់ និងបុរស ០១ នាក់) ជនជាតិអង់គ្លេស ០៥ (ស្ដី្រ០៣នាក់ និងបុរស០២ នាក់) ជនជាតិអាមេរិកចំនួន ២ នាក់ (ស្រ្ដី១នាក់ និងបុរស១នាក់) បុរសជនជាតិប៊ែលហ្សិក ១ នាក់ជនជាតិបារាំងចំនួន ៤០ នាក់ (ស្ដ្រី២១ នាក់ និងបុរស ១៩ នាក់ដែលមានទារកអាយុ០៤ ខែម្នាក់ផងដែរ) បុរសជនជាតិកាណាដា ០២ នាក់ បុរសជនជាតិម៉ាឡេស៊ី ១៣ នាក់ បុរសជនជាតិឥណ្ឌូនេស៊ី ០២ នាក់ ស្ដ្រីជនជាតិវៀតណាម ០៣ នាក់ និងជនជាតិខ្មែរមាន ៥១ នាក់ (ស្ដ្រី០៨ នាក់ និងបុរស ៤៣ នាក់) ដែលរាប់គិតចាប់ពីខែមករាមកដល់បច្ចុប្បន្ន។

យោងតាមសេចក្ដីជូនព័ត៌មានដដែលបានបញ្ជាក់ថា ក្រសួងសុខាភិបាលពុំបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នេះនោះទេកាលពីម្សិលមិញនេះ។ តែទោះជាយ៉ាងណាក្ដីក្រសួងសុខាភិបាលនៅតែក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់អោយបន្ដចូលរួមអនុវត្ដន៍វិធានការការពារខ្លួន បើទោះជាកម្ពុជាមិនមានរកឃើញករណិឆ្លងថ្មីក៏ដោយ ដើម្បីកុំអោយមានរលកទីពីរនៃជំងឺឆ្លងកាចសាហាវមួយនេះ។

សូមជម្រាបផងដែរថា​ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ ហើយមកដល់ពេលនេះបានធ្វើតេស្តចំនួនមនុស្សចំនួន ១៤,៦៨៤ ស្មើនឹង៩០៣​ ក្នុង១លាននាក់​ នេះបើយោងតាមទិន្នន័យដែលបានបញ្ជាក់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលជ្រាបព័ត៌មានបានកាន់តែច្បាស់សូមពិនិត្យសេចក្តីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖