ចេះលើកដៃយកលុយទៅរួច!ក្មេងប្រុស​បី​នាក់​លួច​ទុរេន​១​ផ្លែ ដែល​ម្ចាស់​ចម្ការ​ទារ​សំណង​រហូតដល់​១​ពាន់​ដុល្លារ ទីបំផុត​ត្រូវបាន​បញ្ចប់​ហើយ!!!

ចេះលើកដៃយកលុយទៅរួច!ក្មេងប្រុស​បី​នាក់​លួច​ទុរេន​១​ផ្លែ ដែល​ម្ចាស់​ចម្ការ​ទារ​សំណង​រហូតដល់​១​ពាន់​ដុល្លារ ទីបំផុត​ត្រូវបាន​បញ្ចប់​ហើយ!!!

កំពត ៖ នៅ​ទីបំផុត​ករណី​ក្មេងប្រុស​ជំទង់​បីនាក់ ដែល​រពិស​ដៃ​លួច​បេះ​ផ្លែ​ទុរេន​គេ​១​ផ្លែ ត្រូវ​ម្ចាស់​ចម្ការ​ដេញ​តាម​ទាន់​ហើយ​ទារ​សំណង​១​ពាន់​ដុល្លារ​នោះ ពេលនេះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច នៅ​វេលា​ម៉ោង​១៦ រសៀល ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ខណៈ​អាណាព្យាបាល​ក្មេងប្រុស​ទាំងបី​នាក់​ព្រម​សងលុយ​ទៅ​ម្ចាស់​ចម្ការ​ទុរេន​ចំនួន​៥០០​ដុល្លារ ស្មើនឹង​២,០០០,០០០​រៀល​។
សូម​បញ្ជាក់​ថា ក្មេងប្រុស​ជំទង់​បីនាក់​ត្រូវ​ម្ចាស់​ចំការ​ទុរេន​ដេញចាប់​រួច​ប្រគល់​ឲ្យ​បូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច​ខាងលិច ដោយសារ​លួច​បេះ​ផ្លែ​ទុរេន​គេ​១​ផ្លែ ទម្ងន់​ប្រមាណ​២​គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ហើយ​ខណៈនោះ​ម្ចាស់​ចំការ​បាន​ទារ​សំណង​រហូតដល់​១​ពាន់​ដុល្លារ​។ តែ​ពេលនេះ​ត្រូវបាន​បញ្ចប់​ដោយសារ​អាណាព្យាបាល​ព្រម​សង​សំណង​ទៅ​ម្ចាស់​ចម្ការ​នូវ​ទំហំ​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក​។
​បើ​ទោះ​ជា​ដំណោះស្រាយ​បាន​បញ្ចប់​ទៅ​ហើយ​ក្តី មតិ​មហាជន​ជាច្រើន​នៅតែ​លើក​ឡើង​ថា ថ្វី​ត្បិត​វា​ជា​បទល្មើស​មួយ​ដែល​ត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់​ក៏ដោយ ប៉ុន្តែ​ករណី​ចោរកម្ម​តូចតាច​ត្រឹមតែ​លួច​បេះ​ផ្លែ​ទុរេន​គេ​១​ផ្លែ​ទម្ងន់​មិនបាន​២​គីឡូក្រាម​ផង​នោះ មិន​គួរ​ណា​ម្ចាស់​ចម្ការ​ទុរេន​ដាច់ចិត្ត​យក​លុយ​រហូតដល់​រាប់លាន​រៀល​បែបនេះ​ឡើយ “​ធ្វើបែបនេះ​ហាក់ដូចជា​ដាច់​ធម៌​មេត្តា​ពេក​ហើយ​”។