ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ច្រានចោល​ព័ត៌មាន​ដែល​ថា មាន​អ្នក​ខកដំណើរ​ខ្លះ​បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំទាន​គេ

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ច្រានចោល​ព័ត៌មាន​ដែល​ថា មាន​អ្នក​ខកដំណើរ​ខ្លះ​បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំទាន​គេ

ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី បាន​ច្រានចោល​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​លើក​ឡើង​ថា មាន​អ្នក​ខកដំណើរ​ខ្លះ​បាន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំទាន​គេ ហើយ​ថា ការផ្សាយ​ព័ត៌មាន​នោះ គឺជា​ការ​ផ្សព្វផ្សាយ​បំផ្លើស និង​មូល​បង្កាច់ មាន​ចេតនា​ឲ្យ​សាធារណជន​មាន​ទស្សនៈ​អវិជ្ជមាន​ លើ​រាជរដ្ឋាភិបាល និង​ស្ថានទូត ហើយ​ថា មកដល់ពេលនេះ​ស្ថានទូត​បាន​ចែក​ជំនួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការ​ខ្វះខាត​ជាក់ស្ដែង​ដោយ​គ្មាន​ការរើសអើង​ចំនួន​ជាង​១៦០០​គ្រួសារ​/​នាក់ នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​។

ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​ថា ថ្មីៗ​នេះ​វិទ្យុ​មួយ​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដោយ​គ្មាន​មូលដ្ឋាន និង​ដដែលៗ តាមរយៈ​ការ​ផ្ដល់​សម្ភាស​ជាមួយ​ឈ្មោះ ម៉ាន ពូ​ក្រី ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ស្ថានទូត​ថា មិនបាន​ជួយ​សម្របសម្រួល​ឲ្យ​អ្នកដំណើរ ដែល​បាន​ខកដំណើរ​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ ត្រឡប់​ទៅ​កម្ពុជា​វិញ​។

ស្ថានទូត​លើក​ឡើង​ថា បន្ទាប់ពី​មាន​គោលការណ៍​របស់​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ធ្វើ​កំណត់​ទូត​ស្នើ​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដើម្បី​ដឹក​ពួកគាត់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ពេលដែល​ជើងហោះហើរ​ពាណិជ្ជកម្ម​ទាំងអស់ រវាង​ម៉ាឡេស៊ី និង​កម្ពុជា​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​។ លើស​ពី​នេះ​ស្ថានទូត​បាន​ស្នើ​សុំ​ក្រុមហ៊ុន​កុំ​ឲ្យ​បន្ថែម​តម្លៃ​សំបុត្រ ក្នុងករណី​ក្រុមហ៊ុន​អាច​រៀបចំ​ជើងហោះហើរ​ក្នុង​អំឡុង​ពេលនេះ​បាន​។

ជាមួយគ្នា​នោះ​ ស្ថានទូត​ក៏បាន​ស្នើសុំ​ទៅ​ក្រសួងការបរទេស​ម៉ាឡេស៊ី ផ្ដល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី អាច​ទេ​រៀប​ចាំជើង​ហោះហើរ​ក្នុងអំឡុងពេល ដែល​បទបញ្ជា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​នៅ​ជា​ធរមាន ហើយ​ស្ថានទូត​តែងតែ​តាមដាន​ជាប់​ជាប្រចាំ នូវ​កិច្ចការ​នេះ ក៏ប៉ុន្តែ​ពុំ​ទាន់​មានការ​ឆ្លើយតប​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នៅឡើយ​ទេ ហើយ​កាលបរិច្ឆេទ​ថា ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​បាន​នៅ​ពេល​ណា វា​អាស្រ័យទៅលើ​ការរៀបចំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​។​

បន្ថែម​លើ​នេះ ការតម្រូវ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ទាំង​ជនបរទេស និង​ជនជាតិ​ខ្មែរ ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ឆ្លង​មេរោគ Covid-19 រយៈពេល​៧២​ម៉ោង មុន​កាលបរិច្ឆេទ​ទៅដល់​ប្រទេស​កម្ពុជា​នោះ គឺជា​លក្ខខណ្ឌ​កំណត់​ដោយ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 របស់​កម្ពុជា​។ ស្ថានទូត​បាន​នឹង​កំពុងធ្វើការ​សម្ភាសន៍​ជាមួយ​អ្នកដំណើរ​ខាងលើ​ម្នាក់​ម្ដងៗ ដើម្បី​កំណត់​អត្តសញ្ញាណ និង​ស្ថានភាព​របស់​អ្នក​ទាំងនោះ និង​រិះរក​មធ្យោបាយ​ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជូនដំណឹង​មក​ស្ថានទូត​។ ដូច្នេះ​ពួកគេ​ទាំងអស់ ត្រូវ​ផ្ដល់​កិច្ចសហការ​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ផ្ដល់ព័ត៌មាន​មក​ឲ្យ​មន្ត្រី​ស្ថានទូត ដើម្បី​ធ្វើការ​ងារ​បន្ត​។

​បើ​តាម​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​បាន​បង្កើត​ក្រុម WhatsApp ដើម្បី​ធ្វើ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ពួកគាត់ និង​បាន​ពន្យល់​អំពី​អ្វីដែល​កំពុង​ខិតខំ​ធ្វើ ហើយ​ឲ្យ​ពួកគាត់​អត់ធ្មត់​រង់ចាំ​ចម្លើយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ និង​នីតិវិធី​បន្តបន្ទាប់​។ ចំពោះ​អ្នក​ខ្វះខាត​ពិតប្រាកដ ស្ថានទូត​បានផ្ដល់​ជូន​ជា​ស្បៀងអាហារ​តាម​សំណូមពរ​ជាក់ស្ដែង​របស់​ពួកគាត់ ដោយ​គ្មាន​ការរើសអើង​នោះទេ ដូច​អ្វីដែល​ស្ថានទូត​បាននឹងកំពុង​ផ្ដល់​អាហារ​ការគាំទ្រ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី​ដូច្នេះ​ដែរ​។

​ស្ថានទូត​បញ្ជាក់​ថា ក្នុង​ខណៈដែល​ពួកគាត់​ភាគច្រើន​បាន​យល់ច្បាស់​អំពី​ការខិតខំ​របស់​ស្ថានទូត​ក្នុង​កិច្ចការ​សម្របសម្រួល​នេះ មាន​បុគ្គល​ពីរ​បីនាក់ ជាពិសេស​ឈ្មោះ ម៉ាន ពូ​ក្រី នៅតែ​ផ្ដល់ព័ត៌មាន​មិន​ពិត​ឲ្យ​វិទ្យុ​បរទេស​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ និង​វាយប្រហារ​មកលើ​ស្ថានទូត​ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ មកលើ​ស្ថានទូត និង​រាជរដ្ឋាភិបាល​កម្ពុជា​ថា មិនបាន​ផ្ដល់​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​។ ស្ថានទូត​មិន​យល់ថា ឈ្មោះ ម៉ាន ពូ​ក្រី មានបំណង​ចង់​វិល​ត្រឡប់មក​កម្ពុជា​វិញ ពិតប្រាកដ ឬ​យ៉ាងណា​នោះទេ ? ជាមួយគ្នា​នោះ ស្ថានទូត​បាន​អញ្ជើញ​ឈ្មោះ ម៉ាន ពូ​ក្រី ទៅកាន់​ស្ថានទូត ដើម្បី​ធ្វើការ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​នានា​មកលើ​ស្ថានទូត​។

ចំពោះ​លោកស្រី ម៉ាត់ តោ​សរី ដែល​មាន​ផ្ទៃពោះ​៨​ខែ​កំពុងស្នាក់​នៅ​ក្នុង​រដ្ឋ​ចូ​ហូ Johor ស្ថានទូត​បាន​ពន្យល់​គាត់​សព្វគ្រប់ ហើយ​ថា គាត់​ពុំ​អាចធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​បានទេ ទោះបី​ជា​មាន​ជើងហោះហើរ​ក៏ដោយ​។ ស្ថានទូត​បាន​ត្រៀម​ឲ្យ​អ្នកស្ម័គ្រចិត្ត​នៅ​តំបន់​នោះ ដើម្បី​នាំគ្នា​ទៅ​ពិនិត្យ​ផ្ទៃពោះ និង​រក​មន្ទីរពេទ្យ​សម្រាប់​ការ​សម្រាលកូន ហើយ​ក៏បាន​ត្រៀម​រៀបចំ​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​ជូន​គាត់ រហូតដល់​គាត់​អាច​ធ្វើ​ដំណើរ​វិល​ទៅ​កម្ពុជា​វិញ​នៅពេល​សម្រាលកូន​រួច​។ កន្លងមក​ស្ថានទូត ក៏បាន​ជួយឧបត្ថម្ភ​ជា​ស្បៀងអាហារ និង​ថវិកា​មួយចំនួន​ដល់​គាត់ ហើយ​តាមរយៈ​ភ្នាក់ងារ​ស្ម័គ្រចិត្ត​របស់​ស្ថានទូត លោកស្រី​ក៏បាន​ទទួល​ថវិកា​មួយចំនួន​ទៀតផង ពី​សម្បុរ​សជន​នានា​។

ស្ថានទូត​បាន​បញ្ជាក់​ថា ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​មួយ​ថា មាន​អ្នក​ខកដំណើរ​ខ្លះ​ដល់​ថ្នាក់​ដើរ​សុំទាន​គេ​នោះ គឺជា​ផ្សាយ​ព័ត៌មាន​ជា​ការ​ផ្សាយ​ព័ត៌មាន​បំ​ភ្លើ​ស និង​មួលបង្កាច់​សុទ្ធសាធ មាន​ចេតនា​ធ្វើ​ឲ្យ​សាធារណជន​មាន​ទស្សនៈ​អវិជ្ជមាន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​។ មកដល់ពេលនេះ ស្ថានទូត​បាន​ចែក​ជំនួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការ​ខ្វះខាត​ជាក់ស្ដែង ដោយ​គ្មាន​ការរើសអើង បាន​ចំនួន​ជាង​១៦០០​គ្រួសារ​/​នាក់ នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត ដោយមាន​កិច្ចសហការ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​សប្បុរសជន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី