លោកផ្កាយ១ គំរាមផ្ទុះអាវុធក្នុងហាងវិមានព្រិល សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានដូចបំណង

លោកផ្កាយ១ គំរាមផ្ទុះអាវុធក្នុងហាងវិមានព្រិល សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបានដូចបំណង

ភ្នំពេញ: សេចក្តីរាយការណ៍មួយបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្អើលឆោរឡោចេញពីហាងផឹកស៊ីមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដោយមានបុរសស៊ីវិលម្នាក់ ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) បានជិះរថយន្តម៉ាក LEXUS RX 400h ពណ៌ស្ករ ផ្លាកលេខនគរបាល 2-7119 ១គ្រឿង បានចូលទៅហាងផឹកស៊ីដែលមានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងក៏បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗ រត់ចែកជើងគ្នា ហើយក៏មានអ្នករាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។

ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងភ្លាម ជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចម្ការមន ធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចម្ការមនវិញ ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៊ីក្នុងហាង វិមានព្រិល ខាងលើ បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់ហាងមិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងគំរាមបែបនេះ ។

ក្រោយពេលបញ្ជូនជនបងនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះ ឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើ សមត្ថកិច្ចបាននាំមកកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើ ក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួរមូលហេតុដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ។





error: Content is protected !!