ជួយគាំទ្រផង! យុវជននៅខេត្តឧត្តរមានជ័យ ផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសផ្លាស្ទិក

ជួយគាំទ្រផង! យុវជននៅខេត្តឧត្តរមានជ័យ ផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសផ្លាស្ទិក

ដោយមើលឃើញផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិក និងពិសេសដើម្បីចូលរួមថែរក្សាបរិស្ថានផងនោះ យុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។

គម្រោងមានឈ្មោះថា”ដើម្បីសហគមន៍ខ្ញុំ” បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានឱ្យដឹងថា គម្រោងធ្វើចាន ដែលផលិតចេញពីស្លឹកឈើ ប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃនិងពីគុណភាពរក្សាទុកផងដែរ។

លោក លឿន ឆៃមិញជូ សិស្សវិទ្យាល័យហ៊ុន សែនឧត្តរមានជ័យ បានសំណូមពរដល់ប្រជារដ្ឋក្នុងសហគមន៍ឱ្យចូលរួមកាត់បន្ថការប្រើប្រាស់ចានស្នោរឬចានប្លាស្ទិក និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត។ ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវមួយនេះ។ អ្វីដែលរំពឹងទុកនោះ ចានផលិតឡើងពីស្លឹកឈើធម្មជាតិ ដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ។

ប្រភព៖ ក្រសួងបរិស្ថាន