អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ៖ ការ​បាត់ eba ២០​ភាគរយ​នេះ ជា​ដំណឹង​ល្អ​មួយ ដែល​ធ្វើអោយ​កម្ពុជា​ចេះ​ពង្រឹង​ខ្លួន

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ៖ ការ​បាត់ eba ២០​ភាគរយ​នេះ ជា​ដំណឹង​ល្អ​មួយ ដែល​ធ្វើអោយ​កម្ពុជា​ចេះ​ពង្រឹង​ខ្លួន

ភ្នំពេញ​ ៖ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ផលប៉ះពាល់​និង​វិធានការ ឆ្លើយតប​និង​បញ្ហា ប្រែប្រួល​អាកាសធាតុ ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី​១២ សីហា បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ ស្តីពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ចំពោះ​កម្ពុជា​។

លោក ផៃ ស៊ី​ផាន ថ្លែងថា ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០​ភាគរយ​នេះ គឺ​គ្រាន់តែ​តម្រូវអោយ​កម្ពុជា​យើង​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នាំចូល មិនមែន​បាត់​ទីផ្សារ​ចូលទៅ​កាន់​សហគមន៍​អឺរ៉ុប​នោះទេ​។ សមិទ្ធិផល​កសិកម្មរ​បស់​យើង​នៅតែ​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល ពីព្រោះ​កម្ពុជា​យើង​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​កាតព្វកិច្ច​មួយ​ធ្វើការ​ប្រកួតប្រជែង​ដូច​គេ​ដូច​ឯង​។ លោក​ថា ការបាត់​២០​ភាគរយ​នេះ ក៏​ជា​ដំណឹង​ល្អ​មួយ​ដែរ ដែល​ធ្វើអោយ​កម្ពុជា​យើង​ចេះ​ពង្រឹង​ខ្លួន ក្នុងការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ពិភពលោក​។​

បើតាម​លោក ផៃ ស៊ី​ផាន យើង​បាន​សម្រេចចិត្ត​ហើយ គឺ​យើងទាំងអស់គ្នា​មិន​ធ្វើ​ខ្ញុំ​អ្នកណា​ទេ ហើយក៏​មិនត្រូវ​ទទួល​ការចិញ្ចឹម​ពី​អ្នកណា​ដែរ គឺ​ត្រូវតែ​ខិតខំ​ដោយ​ខ្លួនឯង​។ ដូច្នេះ​ការបាត់បង់ ២០​ភាគរយ​នេះ មានន័យថា កម្ពុជា​យើង​រឹងមាំ មាន​សមត្ថភាព មានលទ្ធភាព​ពេញលេញ​ក្នុងការ​ចូលរួម​បង់ពន្ធ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដទៃ​ទេ​ទៀត ។ លោក​បន្តថា យើង​ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ចំពោះ​បញ្ហា​នេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​ក្នុង​ម្នាក់ៗ​ពី​១៥០០ ទៅ​១៦០០ ដុល្លារ ដូច្នេះ​ការធ្វើ​ឲ្យ​មាន​ចំណូល​ខ្ពស់​នេះ​វា​នឹងធ្វើ​ឲ្យ​បាត់បង់​ការអនុគ្រោះ​ពន្ធ​នេះ​នៅពេល​ណាមួយ ដូច្នេះ​វា​ជាការ​បង្ហាញថា កម្ពុជា​កំពុងតែ​រឹងមាំ​ហើយ​។

លោក ផៃ ស៊ី​ផាន ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​យើង​បាន​អនុវត្ត​កាតព្វកិច្ច​របស់​យើង​រួចហើយ គឺ​យើង​បាន​ពន្យល់​សហភាព​អឺរ៉ុប​អស់ហើយ​នូវ​អ្វីដែល​សហភាព​អឺរ៉ុប​មិន​យល់ ដូច្នេះ​តើ​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស បាន​រំលោភ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ដែរឬទេ​?

អ្នកនាំពាក្យ​រូបនោះ​អះអាងថា មុន​នឹងមាន​បញ្ហា​នេះ​កើតឡើង យើង​បានឃើញ​ក្រុម​មួយ​បានធ្វើ​យុទ្ធនាការ​វិទ្ធង្សនា មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​សកល​នាពេល​កន្លងមក ប៉ុន្តែ​ប្រជាពលរដ្ឋ​បានបង្ហាញ​នូវ​អ្វី ដែលជា​ការចង់បានរ​បស់​ខ្លួន នោះ​គឺ​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត តាមរយៈ​ការចូលរួម ហើយ​បាននាំគ្នា​ចេញទៅ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​។ នេះ​មានន័យថា ជាការ​សម្រេច​របស់​ប្រជាពលរដ្ឋ​រួចហើយ លើ​បញ្ហា​ប្រជាធិបតេយ្យ ដែល​មិន​ឋិត​នៅក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​។

លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ទៀតថា សន្តិភាព​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ គឺជា​ស្នាដៃ​របស់​កម្ពុជា​ទេ មិនមែនជា​ស្នាដៃ​របស់​បរទេស​ណាមួយ​នោះទេ បើទោះបី​ជាមាន​ការជួយ​ធ្វើ​ឲ្យ​មានការ​បោះឆ្នោត​របស់​អ៊ុនតាក់​ក្តី ប៉ុន្តែ​នៅពេល​បោះឆ្នោត​រួចហើយ​គាត់​បានចេញ​ទៅវិញ មិនបាន​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ទេ ហើយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានរៀបចំ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា ទើប​ធ្វើ​ឲ្យ​សន្តិភាព​បានកើត​ឡើង​ពេញលេញ​នៅ​ប្រទេស​កម្ពុជា​រហូតមកដល់​សព្វថ្ងៃ​។​

សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែសីហា សហភាព​អឺរ៉ុប​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ ស្តីពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ចំពោះ​កម្ពុជា ដែល​បាន​បញ្ជាក់ថា ផលិតផល​នាំចេញ​ធម្មតា​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា សម្លៀកបំពាក់ និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និង​ស្ករ នឹងត្រូវ​យកពន្ធ​ឡើងវិញ នៅពេល​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ហើយ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួ​ង ក៏បាន​បញ្ជាក់ដែរថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​នេះ មិនមែន​បិទ​ទីផ្សារ​ទាំងស្រុង​ទេ មានន័យថា គ្រាន់តែ​យកពន្ធ​ជាធម្មតា​ឡើងវិញ​ប៉ុណ្ណោះ ហើយ​កម្ពុជា​អត់​មាន​ឆ្លើយតប​នោះទេ ពីព្រោះ​កម្ពុជា​បានបញ្ជាក់​ជំហរ​ច្បាស់​ហើយ នាពេល​កន្លងមក​។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី